ព័ត៌មានជាតិ

ជនជាតិចិនបើករថយន្តចូលហាងខារ៉ាអូខេមិន​ស៊ី​ញ៉ូ ​ត្រូវម៉ូតូ​បុកយ៉ាងពេញទំហឹងរបួសធ្ងន់​២​នាក់ បញ្ចប់ត្រឹមសំណង៥៥០​ដុល្លារ

ភ្នំពេញៈ ជនជាតិ​ចិន​ចំនួន៣​នាក់​ បើករថយន្ត​បំណងចូល​ខារ៉ាអូខេ តែមិនបានស៊ី​ញ៉ូ ​ត្រូវ​បុរស​២​នាក់​ជិះ​ម៉ូតូចាប់ហ្វ្រាំង​មិន​ទាន់ ​បណ្តាលឲ្យបុក​ចំពាក់​កណ្តាល​រថយន្តពេញទំហឹង ​រង​របួសធ្ងន់​ទាំង​២​នាក់។

ហេតុការណ៍នេះបង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៩​និង១០នាទីយប់ ថ្ងៃ​ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ទល់មុខ​មណ្ឌលកម្សាន្ត​ម៉​រ​ឌែ​ន​ស៊ី​ធី ស្ថិត​នៅ​ភូមិ​ព្រីង​ខាងត្បូង​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានីភ្នំពេញ។

រថយន្តដែល​បង្ក​ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AE-0850 បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​មាន​គ្នា​៣​នាក់ បើក​ឆ្លងផ្លូវ​ពី​លិចទៅ​កើត ។ ចំណែក​ម៉ូតូ​រង​គ្រោះ​ម៉ាក​សង​កូរ៉េ ពណ៌​ក្រហម អត់​ស្លាក​លេខ ជិះ​គ្នា​២​នាក់​បើក​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង រង​របួសធ្ងន់​២​នាក់ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានបញ្ជាក់ឲ្យដឹងថា មុន​ពេល​កើតហេតុ ម៉ូតូ​រង​គ្រោះ​ខាងលើ​ជិះ​គ្នា​២​នាក់ បើកបរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​យ៉ាង​លឿន លុះ​បើក​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​ឃើញ​រថយន្ត​បង្ក​បើក​ឆ្លងផ្លូវ​ចូល​ខារ៉ាអូខេ​ដោយ​មិន​បាន​ស៊ី​ញ៉ូ តែ​មិន​ទាន់​បាន​ឆ្លង​ផុត​ផង ជន​រង​គ្រោះ​ជាន់​ហ្វ្រាំង​មិន​ជាប់ បាន​បុក​រថយន្ត​ពេញទំហឹង បណ្តាល​ឲ្យ​ជន​រង​គ្រោះ​រង​របួសធ្ងន់​ទាំង​២​នាក់ តែ​អ្នក​បើក​ម៉ូតូ​ឈាម​ហូរ​តាម​មាត់​រង​របួស​ធ្ងន់ធ្ងរ ។ បន្ទាប់​មក​ជន​រង​គ្រោះ​ទាំង​២​នាក់​ខាងលើ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​វាស់វែង​ម៉ូតូ និង​រថយន្ត​យក​ទៅ​រក្សា​ទុក ប៉ុន្តែ​ភាគី​បង្ក និង​ភាគី​រង​គ្រោះ​បាន​សម្របសម្រួល​នៅ​ពេទ្យ​ដោយ​ចេញថ្លៃ​ជួសជុល និង​ថ្លៃ​ព្យាបាល​ចំនួន​៥៥០​ដុល្លារ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែង។

មតិយោបល់