ព័ត៌មានជាតិ

ជាងផ្សារដែកនិងតខ្សែភ្លើង ខណៈមេឃកំពុងរលឹមភ្លៀង បណ្តាលឲ្យឆ្លងចរន្តអគ្គិសនីឆក់ស្លាប់

ភ្នំពេញ: នាវេលាម៉ោងជាង៥ល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ មានករណីបុរសអាយុប្រហែល៤០ឆ្នាំម្នាក់ ឡើងផ្សារដែកនិងតខ្សែភ្លើង ពេលមេឃកំពុងរលឹមភ្លៀង បានឆ្លងចរន្តអគ្គិសនីឆក់ធ្លាក់បែកក្បាល បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ បានដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យរុស្ស៊ី ទីតាំងកើតហេតុខាងក្រោយផ្សារស្ទឹងមានជ័យចាស់ ស្ថិតក្នុងភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ដំណើររឿងហេតុ៖ នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់បានឡើងផ្សារដែកនិងតខ្សែភ្លើង នៅទីតាំងផ្ទះកំពុងតែសាងសង់មួយកន្លែង ។ ខណ:ដែលកំពុងតែឡើងផ្សារនោះ មេឃក៏កំពុងតែរលឹមធ្លាក់ភ្លៀងផងដែរ ។ ពេលនោះក៏បណ្តាលឲ្យឆ្លងចរន្តអគ្គិសនីឆក់ជនរងគ្រោះ ធ្លាក់មកខាងក្រោម រងរបួសបែកក្បាលធ្ងន់ធ្ងរ ក៏បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ដល់បងប្អូនប្រជាពលរដ្ឋ រស់នៅក្បែរទីកន្លែងនោះ បាននាំគ្នាចោមរោមមើលយ៉ាងច្រើន ។

តាមការឲ្យដឹងពីសាច់ញាតិ ជនរងគ្រោះមានឈ្មោះ សឿន ធូន អាយុ៤២ឆ្នាំ មានស្រុកកំណើតនៅឯខេត្តព្រៃវែង ។ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ក្បែរកន្លែងកើតហេតុ ។

ចំពោះអ្នកឃើញហេតុការណ៍នោះវិញ ក៏បាននិយាយប្រាប់ភ្នាក់ងារជំនាញផ្នែកសារព័ត៌មាន Post News យើងខ្ញុំឲ្យដឹងដូច្នេះថា ជនរងគ្រោះបន្ទាប់ពីខ្សែភ្លើងឆក់ បានធ្លាក់មកខាងក្រោមរងរបួសធ្ងន់ ត្រូវបានបងប្អូនប្រជាពលរដ្ឋនាំគ្នាជួយធ្វើចលនាសង្រ្គោះបឋម នៅកន្លែងកើតហេតុនោះដែរ ប៉ុន្តែដោយសារជនរងគ្រោះរងរបួសធ្ងន់ធ្ងរខ្លាំងពេក បានហៅម៉ូតូ PassApp មួយគ្រឿង ដឹកជនរងគ្រោះ បញ្ជូនទៅសង្រ្គោះនៅឯមន្ទីរពេទ្យរុស្ស៊ី ។

ដោយស្ថានភាពជនរងគ្រោះរបួសធ្ងន់ធ្ងរពេក ជាអកុសលក៏បានដាច់ខ្យល់ស្លាប់បាត់បង់ជីវិត ។ បន្ទាប់មកសាច់ញាតិនិងក្រុមគ្រួសារ បានដឹកសាកសពជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត ៕

មតិយោបល់