-

រថយន្តរត់តាក់ស៊ីពីរគ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យអ្នកដំណើរទាំងសងខាងរងរបួស និងរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: នៅវេលាម៉ោង០៦និង៤០នាទីយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តរត់តាក់ស៊ីពីរគ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យអ្នកដំណើររងរបួសទាំងសងខាង និងរងការខូចខាតយ៉ាងដំណំ បង្កឲ្យមានការភ្ញាក់ផ្អើល ទីតាំងស្ថិតតាមបណ្តោយផ្លូវ២០០៤ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាក Lexus រត់តាក់ស៊ីមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AQ-7986 បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ ដឹកអ្នកដំណើរចេញពីខេត្តបាត់ដំបងឆ្ពោះមករាជធានីភ្នំពេញ ។ លុះពេលកបើកបរ មកដល់ត្រង់ចំណុចកើតហេតុ ពេលនោះមេឃកំពុងតែធ្លាក់ភ្លៀងមកស្រិចៗ និងមានសភាពងងឹតតិចៗផងនោះ ស្រាប់តែរថយន្ត បើកបុកខឿនពុះចែកទ្រូងផ្លូវរេចង្កូតជ្រុលទៅផ្លូវម្ខាងទៀតបុករថយន្តម៉ាក Ford រត់តាក់ស៊ីដូចគ្នា របស់ក្រុមហ៊ុន ហៃម៉េងហៀង ដឹកអ្នកដំណើរ ចេញពីភ្នំពេញឆ្ពោះទៅខេត្តព្រះសីហនុ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BN-1940 ពេញទំហឹងបណ្តាលឲ្យអ្នកដំណើររងរបួសទាំងសងខាង និងរងការខូច ខាតយ៉ាងដំណំផងដែរ ។ ចំណែកឯតៃកុងរថយន្តបង្កក្រោយពេលកើតហេតុ បានរត់គេចខ្លួនបាត់ស្រមោល ដោយបានបន្សល់ទុកតែ រថយន្តនិងអ្នកធ្វើដំណើរនៅកន្លែងកើតហេតុ ។

នៅក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យមើល ដល់ទីតាំងកន្លែងកើតហេតុ ។ បន្ទាប់មកបានយក រថយន្តទាំងពីរគ្រឿងទៅរក្សាទុកជាបណ្តោះអាសន្ន នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់