ព័ត៌មានជាតិ

រថយន្តកុងតឺន័រព្យាយាមបើកវ៉ាជែង ជ្រុលកៀររថយន្តសឺដេស រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: នាវេលាម៉ោង ៩និង៣០នាទីយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តកុងតឺន័រ និងរថយន្តស៊េរីទំនើប​ ស្ថិតតាមបណ្ដោយផ្លូវណតប្រ៊ីត ម្ដុំខាងត្បូងស្ពានអាកាសផ្សារដីហុយ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បើកបររថយន្តមួយគ្រឿងម៉ាក សឺដេស E280 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AC-9421 ធ្វើដំណើរតាមបណ្ដោយផ្លូវណតប្រ៊ីតពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-1291 បើកបរដោយបុរសម្នាក់ស្របទិសដៅគ្នា តាមពីក្រោយរថយន្តសឺដេស និងព្យាយាមបើកវ៉ាជែងខាងឆ្វេង ដោយខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅកៀរចំហៀងទ្វារខាងក្រោយ (ខាងឆ្វេង) បណ្តាលឲ្យក្រពឹតនិងបែកកង់ បន្ទាប់មករថយន្តកុងតឺន័រមិនបានឈប់ចុះមកធ្វើការដោះស្រាយនោះទេ បែរជាព្យាយាមបើកគេចចេញពីកន្លែងកើតហេតុ ត្រូវម្ចាស់រថយន្តសឺដេស បើកដេញតាមពីក្រោយទាំងបែកកង់រហូតអាចស្ទាក់ចាប់បាន។

ក្រោយពេលកើតហេតុក៏មានតំណាងភាគីខាងរថយន្តកុងតឺន័រ ចេញមកធ្វើការចរចាដោះស្រាយគ្នា ដោយមិនចង់មានរឿងរ៉ាវវែងឆ្ងាយភាគីខាងរថយន្តកុងតឺន័រ យករថយន្តសឺដេសទៅជួសជុលឲ្យឡើងវិញ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុតែម្ដង៕

មតិយោបល់