ព័ត៌មានជាតិ

ជនឆបោកដាក់ថ្នាំកម្មការិនីម្នាក់ យកខ្សែកកាឡៃមកដោះដូរយកគ្រឿងអលង្ការ និងទូរស័ព្ទដៃបានសម្រេច

ភ្នំពេញ: នៅវេលាម៉ោង០៥និង០០នាទីល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ មានករណីកម្មការិនីរោងចក្រកាត់ដេរម្នាក់ត្រូវជនសង្ស័យ ២នាក់ជាស្រ្តី ដាក់ថ្នាំលួងលោមឆបោកយកខ្សែកកាឡៃ មកដោះដូរយកគ្រឿងអលង្ការ និងសម្ភារ:មានតម្លៃ សរុបជាង៤០០ដុល្លារ បានសម្រេច បន្ទាប់មកគេចខ្លួនបាត់ស្រមោលដោយសុវត្ថិភាព បង្កការភ្ញាក់ផ្អើលកើតឡើង ទីតាំងស្ថិតតាមបណ្តោយផ្លូវលេខ២០០៤ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុ នារីកម្មការិនីរោងចក្រកាត់ដេរម្នាក់ បានចេញពីធ្វើការងារនៅវេលាម៉ោង០៥និង០០នាទីល្ងាច ។ លុះពេលដើរមកជិតដល់ផ្ទះ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ជាស្រ្តី បានដើរមកពីក្រោយខ្នងបានទះស្មាស្តាំជនរងគ្រោះមួយដៃ មួយសន្ទុះក្រោយមក ធ្វើឲ្យនារីរងគ្រោះភ្លេចភ្លាំងស្មារតី ត្រូវជនសង្ស័យបបួលនាងឡើងជិះម៉ូតូទៅជាមួយពួកគេដោយមិនខ្លួន ។ បន្ទាប់មកជនសង្ស័យទាំងពីរនាក់នោះ បានប្រើល្បិចយកខ្សែកកាឡៃ១ខ្សែ មកបង្ហាញជនរងគ្រោះ ដោយបានភូតកុហកថា ទើបនឹង រើសបានមានតម្លៃ១ពាន់ដុល្លារ ហើយបាននិយាយដោះដូរគ្រឿងអលង្ការជាមួយនារីរងគ្រោះ ។ ពេលនោះជនរងគ្រោះ បានដោះខ្សែក ផ្លាកទីនរបស់ខ្លួន១ខ្សែ និងទូរស័ព្ទដៃ១គ្រឿងទៅឲ្យជនឆបោក ។

នៅក្រោយពេលបានគ្រឿងអលង្ការ និងទូរស័ព្ទដៃពីជនរងគ្រោះរួចហើយ បក្ខពួកជនសង្ស័យទាំងនោះ បាននាំគ្នាគេចខ្លួនចេញពីកន្លែ ងកើតហេតុបាត់ស្រមោលអស់ដោយសុវត្ថិភាព ។

បន្ទាប់មកនារីរងគ្រោះ ហាក់ដូចជាមានស្មារតីដឹងខ្លួនឡើងវិញបន្តិច ក៏ស្រាប់តែស្រែកទ្រហោយំក្តែងៗតែម្តង បង្កការភ្ញាក់ផ្អើលកើតឡើង ដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានជាច្រើនអង្គភាព ចុះមកផ្សព្វផ្សាយដំណឹងដ៏ក្តៅគគុកនេះ ។ នារីរងគ្រោះមានឈ្មោះ រតនា ជាកម្មការិនីរោងចក្រកាត់ដេរមួយកន្លែង រស់នៅស្រុកពារាំង ខេត្តព្រៃវែង ។

ចំណែកឯម្តាយនារីរងគ្រោះនោះវិញ បន្ទាប់ពីចេញធ្វើការបាត់កូនស្រីមិនឃើញមកផ្ទះ ក៏មានការព្រួយបារម្ភយ៉ាងខ្លាំង ហើយក៏ទទួល បានដំណឹងថា កូនស្រីត្រូវគេដាក់ថ្នាំបបួលលួងលោម ដោះយកគ្រឿងអលង្ការនិងទូរស័ព្ទ ។ គាត់ក៏បានមកដល់ទីតាំងកន្លែងកើតហេតុ ហើយក៏បាននាំកូនស្រីរបស់ខ្លួនឡើងជិះម៉ូតូត្រឡប់ទៅផ្ទះវិញ ។ ម្តាយបាននិយាយថា កូនស្រីរបស់គាត់ធ្លាប់ចាញ់កល់ល្បិច ជនឆបោក ជាច្រើនដងកន្លងមកហើយ ប៉ុន្តែម្តាយនារីរងគ្រោះ គាត់មិនដែលដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចនោះទេ ។

ម្តាយនារីរងគ្រោះគាត់បាននិយាយថា ឲ្យតែកូនស្រីរបស់គាត់នៅមានជីវិតរស់ គាត់ត្រេកអរខ្លាំងណាស់ទៅហើយ ចំពោះទ្រព្យសម្បត្តិបន្តិចបន្តួច ដែលបានបាត់បង់ទៅហើយនោះ ក៏បាត់បង់ទៅចុះគាត់មិនស្តាយនោះទេ ៕

មតិយោបល់