ព័ត៌មានជាតិ

ហុងដាឌ្រីម ២គ្រឿង បុកគ្នាពេញទំហឹងរបួសធ្ងន់ ២នាក់

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ចំនួន ២គ្រឿង បានបើកបុកគ្នាពេញទំហឹង បណ្ដាលឲ្យអ្នកបើកបររងរបួសធ្ងន់ទាំងសងខាង ត្រូវបានបញ្ជូនទៅសង្រ្គោះភ្លាមៗផងដែរ ចំណែកម៉ូតូរងការខូចខាតដូចគ្នា ។

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៧និង២០នាទីព្រឹក ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ៣ ត្រង់ចំណុចភូមិព្រៃកំបុត សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ដំណើររឿង៖ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុគាត់បានឃើញម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1DO-8106 បើកបរដោយស្រ្តីម្នាក់ធ្វើដំណើរឆ្លងផ្លូវក្នុងទិសដៅពីលិចទៅកើត ស្របពេលនោះក៏មានម៉ូតូម៉ាក ហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1HO-3324 បើកបរដោយបុរសម្នាក់ ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ទៅដល់គេចអត់ទាន់ក៏បានបុកគ្នាពេញទំហឹងតែម្ដង។

ប្រភពដដែលបាននិយាយប្រាប់ទៀតថា ខណៈនោះបានបណ្ដាលឲ្យម៉ូតូដួលគរលើគ្នា រងការខូចខាតទាំង ២គ្រឿង ហើយអ្នកបើកបរម៉ូតូបានរងរបួសទាំងសងខាង បន្ទាប់មកត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្រ្គោះភ្លាមៗផងដែរ។

ក្រោយពេលកើតហេតុនគរបាលប៉ុស្តិ៍ចោមចៅទី២ បានចុះទៅធ្វើការវាស់វែង និងនាំយកម៉ូតូទាំង ២គ្រឿង ទៅរក្សាទុកជាបណ្ដោះអាសន្ន រង់ចាំការដោះស្រាយនៅពេលក្រោយ៕

មតិយោបល់