ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងបុកគ្នា បណ្ដាលឲ្យរងការខូចខាត តែម្ចាស់រងរបួសស្រាលទាំងសងខាង

ភ្នំពេញ: គ្រោះថ្នាក់ចរាចរណ៍មួយ ដែលម៉ូតូម៉ាកហុងដាស្កូបពី១គ្រឿង បើកបរក្នុងទិសដៅបញ្រ្ចាសទិសចរាចរណ៍ ហើយក៏ជ្រុលទៅបុកជាមួយម៉ូតូម៉ាកហុងដា Vision ១គ្រឿងទៀត បណ្ដាលឲ្យដួលរងការខូចខាតទាំងសងខាង ហើយបានបណ្ដាលឲ្យអ្នកជិះម៉ូតូទាំង២គ្រឿងនេះ រងរបួសស្រាល ។

ឧប្បត្តិហេតុនេះបានកើតឡើង កាលពីវេលាម៉ោង៧និង០០នាទីព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ៤ ត្រង់ចំណុចភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញ ម៉ូតូម៉ាកហុងដាស្កូបពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1IP-8220 ជិះម្នាក់ឯងបើកបរធ្វើដំណើរ ក្នុងទិសដៅពីកើតទៅលិច ក្នុងទិសដៅបញ្រ្ចាសទិសដៅចរាចរណ៍ ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ក៏បានបុកជាមួយម៉ូតូម៉ាកហុងដា Vision ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង 1O-2629 ជិះម្នាក់ឯងដូចគ្នា ដែលកំពុងបើកបរធ្វើដំណើរ ក្នុងទិសដៅពីលិចទៅកើត ។

ប្រភពដដែលបានប្រាប់ទៀតថា ខណៈនោះបណ្ដាលឲ្យដួលរងការខូចខាតទាំងសងខាង ហើយអ្នកបើកបររងរបួសស្រាលដូចគ្នា និងពុំបានប៉ះពាលដល់អ្នកដទៃណាម្នាក់នោះឡើយ ។ ក្រោយពេលកើតហេតុនគរបាលប៉ុស្តិ៍ចោមចៅទី៣ បានចុះទៅពិនិត្យជាក់ស្ដែង និងសម្រួលចរាចរណ៍មិនឲ្យកកស្ទះ ហើយឲ្យភាគីទាំង២សម្របសម្រួលគ្នាបញ្ចប់រឿង ៕

មតិយោបល់