ព័ត៌មានជាតិ

ហាយឡែនឌ័រមួយគ្រឿង ជ្រុលបុកពីក្រោយរថយន្តដឹកសម្រាម បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ មួយដែលរថយន្តម៉ាក តូយ៉ូតា ហាយឡែនឌ័រ១គ្រឿង បានរងការខូចខាតក្រពឹត មុខយ៉ាងដំណំ ដោយសារបើកលឿនជ្រុលទៅបុកពីក្រោយរថយន្តដឹកសម្រាម១គ្រឿង ដែលកំពុងបើកបរនៅខាងមុខពេញទំហឹង ប៉ុន្តែពុំបណ្ដាលឲ្យអ្នកបើកបររងគ្រោះថ្នាក់នោះឡើយ ។

ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧និង២០នាទីព្រឹក ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ៤ ត្រង់ចំណុចភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពពីអ្នកដំណើរតាមផ្លូវនោះបានប្រាប់ថា នៅមុនពេលកើតហេតុ គាត់បានឃើញរថយន្តទាំង២គ្រឿង បើកបរក្នុងទិសដៅស្របគ្នា ពីកើតទៅលិច ដោយរថយន្តដឹកសម្រាម ពណ៌ស ពាក់ស្លាកលេខ AT22-3-1893 បើកខាងមុខ ។ ចំណែកឯរថយន្តម៉ាក តូយ៉ូតា ហាយឡែនឌ័រ ពាក់ស្លាកលេខ ភ្នំពេញ 2AZ-4350 បើកពីក្រោយលឿនគួរសមដែរ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ រថយន្តដឹកសម្រាមបានបន្ថយល្បឿនយឺតៗ ព្រោះមានយានយន្តនៅខាងមុខច្រើន ។ ខណៈនោះរថយន្តហាយឡែនឌ័រ បន្ថយល្បឿនអត់ទាន់ ក៏បានបុកពីក្រោយរថយន្តដឹកសម្រាមទាំងកម្រោល បណ្ដាលឲ្យរងការខូចខាតក្រពឹតមុខខ្លួនឯងតែម្ដង ។

ក្រោយពេលកើតហេតុ នគរបាលប៉ុស្តិ៍ចោមចៅទី៣ បានចុះទៅពិនិត្យជាក់ស្ដែង និងសម្រួលចរាចរណ៍មិនឲ្យកកស្ទះ ហើយឲ្យភាគីទាំង២សម្របសម្រួលគ្នា បញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង ៕

មតិយោបល់