ព័ត៌មានជាតិ

អាសូរណាស់! គេចរថយន្ត ជ្រុលទៅបុកក្បាលសួនច្បារ រួចខ្ទាតចូលក្រោមរថយន្តកិនស្លាប់ម្នាក់មួយរំពេច

ភ្នំពេញៈ អាសូរណាស់យុវជនម្នាក់ ត្រូវបានរថយន្តដឹកខ្សាច់កិនចំដងខ្លួនបែកធ្លាយពោះវៀនស្លាប់យ៉ាងអាណោចអាធ័មនៅនឹងកន្លែង និងម្នាក់ទៀតរងរបួសស្រាល ខណៈពេលដែលជិះម៉ូតូ ១គ្រឿង គេចពីរថយន្តដែលបើកថយចេញពីឃ្លាំង ហើយជ្រុលទៅបុកក្បាលសួនច្បារពុះចែកទ្រូងផ្លូវ ខ្ទាតផ្លោងរួចត្រូវរថយន្តកិនតែម្តង។

ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ ៨និង៤០នាទីព្រឹក ថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០២២ ស្ថិតតាមបណ្តោយផ្លូវហាណូយ ក្នុងភូមិត្រពាំងរាំងថ្មី សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ឡេង ចាន់ថន ភេទប្រុស អាយុ ១៩ឆ្នាំ (ស្លាប់) ជាកម្មករធ្វើថ្នល់ ស្នាក់នៅក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ និងមានស្រុកកំណើត ភូមិឈើតុំ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ ចំណែកអ្នករងរបួសឈ្មោះ វ៉ុន និត ភេទប្រុស អាយុ ១៩ឆ្នាំ ជាកម្មករ ធ្វើថ្នល់ ជាអ្នកឌុបជិះម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពាក់ស្លាកលេខ ភ្នំពេញ 1JI-3720 មួយគ្រឿង ។
រថយន្តបន្ទាប់ពីកិនមនុស្សស្លាប់ក៏បានបើកគេចបាត់។

តាមព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះទាំងពីរនាក់ បានជិះម៉ូតូ ១គ្រឿងខាងលើ ចេញពីកន្លែងស្នាក់នៅ គោលបំណងទៅធ្វើផ្លូវ នៅតាមផ្លូវជាតិលេខ៥ ដោយធ្វើដំណើរពីត្បូងទៅជើង ខណៈពេលធ្វើដំណើរ មកដល់កន្លែងកើតហេតុក៏គេចរថយន្ត ដឹកទំនិញ ១គ្រឿង ដែលថយចេញពីឃ្លាំង រួចបានជ្រុលទៅបុកក្បាលរបាំងថ្មខណ្ឌចែកទ្រូងផ្លូវពេញទំហឹង ។

យោងតាមប្រភពព័ត៌មានអោយដឹងថា នៅក្នុងគ្រោះថ្នាក់នោះ បណ្តាលឲ្យម៉ូតូដួលហើយជនរងគ្រោះម្នាក់ ជិះម៉ូតូពីក្រោយខ្ទាតទៅចំណែក ផ្លូវម្ខាងទៀតហើយត្រូវរថយន្ត ដឹកខ្សាច់មួយគ្រឿង ដែលធ្វើដំណើរ ក្នុងទិសដៅពីជើងទៅត្បូងមកដល់ កិនចំដងខ្លួនបែកធ្លាយពោះវៀនស្លាប់យ៉ាងអាណោចអាធ័មភ្លាមៗតែម្ដង។

ក្រោយកើតហេតសមត្ថកិច្ច បានចុះដល់ទីតាំង ដើម្បីពិនិត្យជាក់ស្តែង រួចប្រគល់សពឲ្យទៅឪពុកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕

មតិយោបល់