ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបែន១គ្រឿង បានជ្រុលទៅបុកគ្នាជាមួយម៉ូតូ១គ្រឿង កំពុងបើកបរឆ្លងឆ្លូវ បណ្ដាលឲ្យស្រ្តីម្នាក់ ជិះម៉ូតូរងរបួស ហើយម៉ូតូបានគាបជាប់ក្រោមរថយន្តនោះតែម្ដង ។
ហេតុការណ៍ខាងលើ កើតឡើងកាលពីវេលាម៉ោង១០និង០០នាទីព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ នៅតាមផ្លូវវ៉េងស្រេង ត្រង់ចំណុចភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តបែនខាងលើ១គ្រឿងម៉ាក នីស្សាន់ ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ 3D-8765 បើកបរធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ក៏បានបុកជាមួយម៉ូតូម៉ាក ហុងដាឌ្រីម១២៥ ពណ៌ខ្មៅ១គ្រឿង ពាក់ស្លាកលេខកំពង់ចាម 1Z-1915 ។ បើកបរដោយស្រ្តីម្នាក់ កំពុងធ្វើដំណើរឆ្លងផ្លូវពីជើងទៅត្បូង បណ្ដាលឲ្យស្រ្តីរូបនោះរងរបួស ហើយម៉ូតូគាបជាប់ក្រោមរថយន្ត ។
ក្រោយពេលកើតហេតុ ស្រ្តីរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ចំណែកនគរបាលបានចុះទៅកាន់ទីនោះ ធ្វើការវាស់វែងយកម៉ូតូនិងរថយន្តដាក់អែបខាង រួចឲ្យតំណាងភាគីទាំង២ ធ្វើការដោះស្រាយគ្នានៅពេលក្រោយ ៕






មតិយោបល់