ព័ត៌មានជាតិ

ករណីហិង្សារវាងម្ចាស់ម៉ូតូកង់បីនិងអ្នកជិះ បណ្តាលឲ្យម្នាក់បែកក្បាលហូរឈាម ត្រូវសមត្ថកិច្ចនាំទៅប៉ុស្តិ៍ទាំងពីរនាក់

ភ្នំពេញ: នៅវេលាម៉ោង១២និង០០នាទីថ្ងៃត្រង់ទី២៦ ខែសីហា ឆ្នាំ២០២២ មានករណីហិង្សាមួយបានកើតឡើង រវាងម្ចាស់ម៉ូតូកង់បី និងភ្ញៀវបណ្ដាលឲ្យអ្នកជិះត្រូវមួយដុំថ្មបែកក្បាលហូរឈាម បង្កឲ្យមានការភ្ញាក់ផ្អើល ទីតាំងស្ថិតតាមបណ្ដោយផ្លូវលេខ១៩៩ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុ តាមការឲ្យដឹងពីម្ចាស់ម៉ូតូកង់បីថា គាត់បានដឹកភ្ញៀវចេញពីផ្សារកាប់គោ ដោយមិនបាននិយាយពីតម្លៃមុន នោះទេ ។ លុះពេលគាត់ដឹកមកដល់គោលដៅដែលភ្ញៀវត្រូវចុះនោះ ប្រហែលជាភ្ញៀវនិយាយតម្លៃមិនត្រូវគ្នា គាត់ឲ្យតម្លៃតិចពេក ឬមួយក៏ម្ចាស់ម៉ូតូកង់បី គាត់យកតម្លៃខ្ពស់ពេកក៏មិនដឹង ។ ពេលនោះស្រាប់តែមានការប្រកែកគ្នាឡើងតឹងសរសៃករៀងៗខ្លួន ទើប កើតទៅជាអំពើហិង្សាមួយបានកើតឡើង រវាងម្ចាស់ម៉ូតូកង់បីនិងភ្ញៀវ ។ ពេលនោះម្ចាស់ម៉ូតូកង់បីស្រវាបានដុំថ្មមួយដុំនៅក្បែរនោះ កាន់នៅដៃ ហើយក៏មានការប្រតាយប្រតប់ ដាក់គ្នាទៅវិញទៅមកមួយប្រាវ បណ្តាលឲ្យភ្ញៀវជាអ្នកជិះ ត្រូវក្បាលបែកហូរឈាម ស្រោចពេញខ្លួន ។ ករណីនេះក៏បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ដល់បងប្អូនប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ច ។

បន្ទាប់ពីកើតហេតុភ្លាមៗ កម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋានបានចុះទៅអន្តរាគមន៍ បានហៅភាគីជម្លោះទៅកាន់ ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ផ្សារដើមថ្កូវ ដើម្បីធ្វើការសាកសួរ ទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់