ព័ត៌មានជាតិ

បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តស៊េរីទំនើបម៉ាក RANGE ROVER ស្លាកលេខ កម្ពុជា Y.CTF.99 បុករះ ខូចខាតរថយន្តជាច្រើនគ្រឿង

ភ្នំពេញៈ កាលពីវេលាម៉ោង ១២រំលងអាធ្រាត្រឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២ មានករណីបុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តស៊េរីទំនើបម៉ាក RANGE ROVER មួយគ្រឿង ក្នុងល្បឿនលឿនរេចង្កូតបុករះ ម៉ូតូ កង់បី និងរថយន្ត បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ស្ថិតតាមបណ្តោយផ្លូវ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តបង្កស៊េរីទំនើបម៉ាក RANGE ROVER ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ កម្ពុជា Y.CTF.99 ធ្វើដំណើរតាមបណ្តោយផ្លូវ១៩៨៦ ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ បានជ្រុលទៅបុកម៉ូតូម៉ាក ADV ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1IG-8811 ជិះដោយបុរស ២នាក់ ឌុបគ្នាបណ្តាលឲ្យដួលរងរបួសធ្ងន់ស្រាល រួចបន្តល្បឿនបើកទៅមុខ ជ្រុលទៅបុករថយន្តខាងអគ្គិសនីមិនចាំស្លាកលេខ ដែលកំពុងតែឈប់តភ្លើង នៅពីខាងមុខ រងការខូចខាតយ៉ាងដំណំ រួចរថយន្តបង្កមិនព្រមឈប់ដោះស្រាយ នៅតែបើករថយន្តបន្តល្បឿនទៅមុខ ក៏រេចង្កូតពេញផ្លូវជ្រុលទៅបុកកង់បីមួយគ្រឿងទៀត ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 1HQ-5938 បើកដោយបុរសម្នាក់ តាមបណ្តោយផ្លូវ១៩៨៦ ក្នុងទិសដៅបញ្រ្ចាសគ្នា ពីលិចមកកើតចំពីមុខយ៉ាងពេញទំហឹង បណ្តាលឲ្យរួញចូលគ្នាគាបជាប់ម្ចាស់កង់បីបាក់ជើងទាំងសងខាង រងរបួសធ្ងន់ ហើយក៏បានរេចង្កូតទៅបុករះរថយន្តម៉ាក CRV មួយគ្រឿងទៀត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AF-6719 នៅពីមុខរងការខូចខាតយ៉ាងដំណំ ទោះយ៉ាងណាក៏ម្ចាស់រថយន្តបង្កម៉ាក RANGE ROVER មិនព្រមឈប់ នៅតែបន្តល្បឿនបើករត់ទៅមុខទៀត ហើយភ្លាមនោះដែរ ក៏មានពលរដ្ឋ និងសមត្ថកិច្ចខណ្ឌសែនសុខ ជិះប្រដេញតាមពីក្រោយ រហូតមកដល់ផ្លូវភ្នំពេញហាណូយ រថយន្តបង្កបានបត់ឆ្វេងកាត់តាមផ្លូវ ២៨គ្រួសារ ក៏ជ្រុលទៅបុករថយន្តកូរេនៅពីមុខមួយគ្រឿងទៀត មិនចាំស្លាកលេខរងការខូចខាត ចំណែកឯរថយន្តបង្កវិញ នៅតែបន្តល្បឿនបើកទៅមុខរហូតមកដល់ផ្លូវកោង២៨គ្រួសារ ក៏បានទៅបុករថយន្តតូយូតាព្រូសមួយគ្រឿងទៀត ចំពាក់កណ្តាលទ្វារខាងស្តាំយ៉ាងពេញទំហឹង ធ្វើឲ្យរថយន្តបង្កអស់ល្បឿន ទៅមុខលែងរួច ត្រូវបានពលរដ្ឋយកដំថ្មវាយទៅលើកញ្ចក់ និងគប់បណ្តាលឲ្យបែកកញ្ចក់រថយន្តបង្កយ៉ាងដំណំ ទើបសមត្ថកិច្ចឃាត់បានទាំងតៃកុង និងរថយន្តបង្កតែម្តង។

សូមបញ្ជាក់ថា ករណីរថយន្តស៊េរីទំនើបម៉ាក RANGE ROVER បើកបុករះខាងលើនេះ បណ្តាលឲ្យរងការខូចខាតរថយន្តចំនួន ៤គ្រឿង សល់ ៣គ្រឿងនៅកន្លែងកើតហេតុ និងម៉ូតូមួយគ្រឿង រួមទាំងកង់បីមួយគ្រឿងទៀត៕

មតិយោបល់