ព័ត៌មានជាតិ

ករណីម៉ូតូ ២គ្រឿងបុកគ្នា បណ្ដាលឲ្យស្លាប់ម្នាក់រងរបួសធ្ងន់ម្នាក់ នៅស្រុកបាកាន

ពោធិ៍សាត់: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១១ និង៥០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងម៉ូតូ និងម៉ូតូ បណ្តាលឱ្យបុរសម្នាក់ស្លាប់ និងម្នាក់រងរបួសធ្ងន់ នៅលើកំណាត់ផ្លូវជាតិលេខ០៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៩១-១៩២ ស្ថិតក្នុងភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មាន បានប្រាប់ឲ្យដឹងថា៖ មុនពេលកើតហេតុ គេឃើញមានម៉ូតូម៉ាកហុងដា Click ពណ៌ក្រហម ពាក់ស្លាកលេខពោធិ៍សាត់ 1I-2858 បើកបរក្នុងទិសដៅពីលិចទៅកើត មកដល់ចំណុចខាងលើ បានគេចរថយន្តមកបញ្រ្ចាស់ទិសពីមុខ ក៏ជ្រុលចង្កូតទៅបុកម៉ូតូម៉ាកហុងដា Dream សេ១២៥ ពណ៌ខ្មៅស៊េរីឆ្នាំ២០១៤ ជិះឆ្លងផ្លូវពីត្បូងទៅជើង បណ្តាលអ្នកបើកបរម៉ូតូទាំងពីររងរបួសធ្ងន់ ឃើញហេតុដូចនេះប្រភពបានផ្តល់ព័ត៌មានជូនសមត្ថកិច្ច ដើម្បីជួយអន្តរាគមន៍ សង្គ្រោះជនរងគ្រោះ និងសម្រួលចរាចរណ៍កុំឲ្យមានការកកស្ទះ ។

លោកវរសេនីយ៍ឯក នាង វុធ អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាកាន បានប្រាប់បញ្ជាក់ឲ្យដឹងថា៖ ករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរ គឺបង្កមកពីកត្តា ប្រើប្រាស់ល្បឿន ខ្វះការប្រុងប្រយ័ត្ន និងមិនពាក់មួកសុវត្ថិភាព តុល្យភាពនៃការខូចខាត ស្លាប់មនុស្ស០១នាក់ របួសធ្ងន់០១នាក់ និងខូចម៉ូតូពីរគ្រឿង ។

លោកអធិការ បានបន្តឱ្យដឹងថា៖ ជនរងគ្រោះត្រូវបានសមត្ថកិច្ចស្គាល់អត្តសញ្ញាណ ១-ឈ្មោះ លី សារី ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិបន្ទាយដី សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ជាអ្នកបើកបរម៉ូតូម៉ាកហុងដា Click រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យក្រុងភ្នំពេញ ។ ២-ឈ្មោះ ទ្រូ វ៉ាត់ ភេទប្រុស អាយុ ៦៥ឆ្នាំ មានទីលំនៅក្នុងភូមិស្វាយអាត់ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ជាអ្នកបើកបរ ម៉ូតូម៉ាកហុងដា Dream រងរបួសធ្ងន់ ស្លាប់ពេលដែលបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ។

ចំពោះវត្ថុតាងម៉ូតូទាំងពីរគ្រឿង សមត្ថកិច្ចបានយកមករក្សាទុកនៅប៉ុស្តិ៍ នគរបាលរដ្ឋបាលស្នាមព្រះ ៕

មតិយោបល់