ព័ត៌មានជាតិ

បុរសនារី ២នាក់ សង្ស័យស្រវឹងស្រា បើករថយន្តស៊េរីទំនើប ស្លាកលេខ កម្ពុជា MKN.9939 រេចង្កូតបុកទម្លុះផ្ទះពលរដ្ឋទាំងកណ្តាលយប់

ភ្នំពេញ: នាវេលាម៉ោង ២និង៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២ មានករណីបុរសនារី ២នាក់ សង្ស័យស្រវឹងស្រា បើករថយន្តស៊េរីទំនើបរេចង្កូតជ្រុលទៅបុកទម្លុះ ចូលផ្ទះពលរដ្ឋទាំងកណ្តាលយប់ រងការខូចខាតអស់មួយចំនួន ស្ថិតតាមបណ្ដោយផ្លូវបេតុង ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ដំណើររឿង៖ យោងតាមប្រភពព័ត៌មានបានប្រាប់ឲ្យដឹងថា មុនកើតហេតុគាត់ឃើញបុរសម្នាក់រួមដំណើរជាមួយនារីម្នាក់ទៀត សង្ស័យថាស្រវឹងស្រា បានបើករថយន្តបង្កស៊េរីទំនើប ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ កម្ពុជា MKN.9939 ធ្វើដំណើរតាមបណ្តោយផ្លូវបេតុង ពីត្បូងមកជើងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ បានរេចង្កូត មកខាងស្តាំដៃជ្រុលទៅបុកទម្លុះចូលផ្ទះពលរដ្ឋរងការខូចខាតសម្ភារមួយចំនួន សំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្សឡើយ ហើយភ្លាមនោះដែរ ម្ចាស់រថយន្តបង្ក ក៏បានរត់ឡើងកង់បីគេចខ្លួន ពីកន្លែងកើតហេតុបាត់ស្រមោល។

ក្រោយកើតហេតុខាងលើ ដោយភាគីម្ចាស់រថយន្តបង្ករត់គេចខ្លួន សមត្ថកិច្ចមូលដ្ឋានសហការជាមួយផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចពិនិត្យ និងទំនាក់ទំនងទៅផ្នែកជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែងយករថយន្តស្ទូច មកស្ទូចយករថយន្តបង្កទៅរក្សាទុក នៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕

មតិយោបល់