ភ្នំពេញៈ យោងតាមផេកអគ្គស្នងដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ១៤និង០០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ចំណុចមុខផ្ទះបិតស្កុតម៉ូតូ ផ្លូវលេខ១០៧ សង្កាត់អូរឫស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ បក្ខពួករបស់ជនសង្ស័យឈ្មោះ លិច សុវណ្ណាលុច ហៅ លុច និងឈ្មោះ ប៊ូ សុវណ្ណដាវីដ ហៅ វីដ ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរសព្ទដៃបណ្តាលឲ្យជនរងគ្រោះដួលម៉ូតូ) ប្រព្រឹត្តនៅចំណុចលើផ្លូវលេខ១៩៥៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែ មីនា ឆ្នាំ២០២២ វេលាម៉ោង១៦ និង៣៣នាទី បញ្ជូនមកការិយាល័យដើម្បីចាត់ការតាមនីតិវិធី ។
ជនសង្ស័យមានឈ្មោះ ត្រាណេ សុចិន្តា ហៅ កូកូ ហៅ បារាំង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៦ ផ្លូវលេខ២៣៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនសង្ស័យខាងលើ ត្រូវបានការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕
មតិយោបល់