ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។
កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង០៨និង៣០នាទី កម្លាំងជំនាញ (ក៥) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ សាន សុទ្ធី. លោក ឧត្តមសេនីយ៍ទោ ឆាយ ហួត. លោក ឧត្តមសេនីយ៍ត្រី គឹម តូ. លោក វរសេនីយ៍ទោ ទេព សុវណ្ណដារ៉ា នាយករងមន្ទីរ បានធ្វើការស៊ើបអង្កេតជាង១ខែ ចូលរួមសហការពីកម្លាំង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពីលោក អ៊ុំ សភ្តិ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកកិច្ចប្រតិបត្តិការបង្ក្រាប ក្រុមឧក្រិដ្ឋជន ជនជាតិថៃ ដឹកជញ្ជូន ជួញដូរគ្រឿងញៀន នៅចំណុចផ្លូវកែវចិន្តា ស្ថិតក្នុងភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
កត់សម្គាល់៖ ក្នុងករណីនេះដែរជនសង្ស័យ បានបើករថយន្តបំបុក និងប្រើអាវុធបាញ់មកលើសមត្ថកិច្ចចំនួន០៨គ្រាប់ ហើយសមត្ថកិច្ចប្រើសិទ្ធិការពារខ្លួនបាញ់តបតវិញ បណ្តាលឱ្យជនសង្ស័យ០១នាក់ ស្លាប់ និង ០១នាក់ រងរបួស ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ៤នាក់៖ ១-ឈ្មោះ នុំ ប៉ាគុន ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិថៃ, ២-ឈ្មោះ សែប ជីឡែងស៊ុក ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិថៃ, ៣-ឈ្មោះ ណា កូ ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិ ថៃ (រងរបួស) មេខ្លោងឧក្រិដ្ឋជន និងជាមុខសញ្ញាមានដីកាស្វែងរកចាប់ខ្លួនជាច្រើនករណី ឃាតករ បាញ់សម្លាប់ប៉ូលិសថៃ និងមេខ្លោងជួញដូរគ្រឿងញៀននៅថៃទៀតផង និង៤-ឈ្មោះ NATTHAPONG POLKHAN ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិថៃ (ស្លាប់) ។
ចាប់យកវត្ថុតាង៖ គ្រឿងញៀនសរុប ៤១ គ.ក្រ ៩៣២ ក្រាម -កេតាមីន (KETAMINE) ទម្ងន់១២ គ.ក្រ និង១៨០ក្រាម -អ៊ិចស្តាស៊ី(MDMA) ទម្ងន់ ២៩គ.ក្រ និង៧៥២ក្រាម -រថយន្ត ២គ្រឿង -អាវុធខ្លី ២ដើម ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ បន្តតាមនីតិវិធី ៕




មតិយោបល់