ព័ត៌មានជាតិ

ខ្ចីម៉ូតូជិះទៅទិញអីវ៉ាន់មួយភ្លែត មិនឃើញត្រឡប់មកវិញ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចឃាត់ខ្លួន

ប៉ៃលិន: យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅវេលាម៉ោង១៣និង០០នាទី ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ បានទទួលពាក្យបណ្ដឹង ករណីរំ​លោភ​លើ​ទំនុកចិត្ត ​​(​ខ្ចីម៉ូតូ​) ចំនួន០១ករណី ដែលបានកើតឡើងនៅចំណុចទូបាញ់ត្រីខ្លាខ្មៅ ស្ថិតនៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

ជនដើមបណ្ដឹងមានឈ្មោះ គង់ សីហា ភេទប្រុស អាយុ២៨ ឆ្នាំ ជនជាតិខ្មែរមុខរបរ កសិករ មានទីលំនៅក្នុងភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

ជនសង្ស័យមានឈ្មោះ ចាន់ នី ភេទប្រុស អាយុ ២៨ ឆ្នាំ ជនជាតិខ្មែរ មានមុខរបរ និងទីលំនៅមិនពិតប្រាកដ បានយកម៉ូតូម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០២២ ពណ៌ខ្មៅ គ្មានស្លាកលេខ លេខតួ៦៣១៨០៣០ លេខម៉ាស៊ីន ៦៣១៨០៣០ ។

ក្រោយពីសមត្ថកិច្ចបានសួរនាំ ដើមបណ្តឹងបានឱ្យដឹងថា កាលពីវេលាម៉ោង២០និង០០នាទី ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ ដើមបណ្តឹងបានជិះម៉ូតូមកហូបបង្អែមនៅផ្សារព្រំ ពេលហូបបង្អែមរួចក៏បានជិះម៉ូតូត្រឡប់ទៅផ្ទះវិញ តែពេលជិះទៅដល់មុខទូបាញ់ត្រីខ្លាខ្មៅ ជនសង្ស័យក៏បានស្រែកហៅដើមបណ្ដឹង បន្ទាប់មកដើមបណ្ដឹងក៏ជិះម៉ូតូចូលទៅ ពេលជិះចូលដល់ជនសង្ស័យ ក៏បាននិយាយថា បងខ្ញុំខ្ចីម៉ូតូទៅទិញអីវ៉ាន់បន្តិច ពេលនោះដើមបណ្ដឹងក៏និយាយថា ចឹងចាំអញជូនទៅ ពេលនោះជនសង្ស័យក៏និយាយថា មិនអីទេបង ខ្ញុំខ្ចីតែមួយភ្លែតនិងយកមកឲ្យបងវិញហើយ ដោយចាំយូរពេកមិនឃើញជនសង្ស័យត្រឡប់មកវិញ ទើបទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ ។

រហូតដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ បានទទួលដំណឹងពីការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដែលបានឃាត់ខ្លួនជនសង្ស័យខាងលើបាន និងសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តប៉ៃលិន ចុះទៅយកជនសង្ស័យ និងវត្ថុតាង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់