ព័ត៌មានជាតិ

បុរសម្នាក់រងរបួសធ្ងន់បាក់ភ្លៅ បន្ទាប់ពីជិះម៉ូតូបុកគោយន្ត

បន្ទាយមានជ័យ: យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា នៅរសៀលថ្ងៃច័ន្ទ ១០ កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ បុរសម្នាក់បាក់ភ្លៅរបួសធ្ងន់ បន្ទាប់ពីជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ កើតឡើងនៅវេលាម៉ោង០១និង១៥នាទី នៅចំណុចផ្លូវជាតិលេខ៥៦A​ប្រសព្វបំបែកជាបី ក្នុងភូមិស្ទឹង ឃុំរលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

ប្រភពព័ត៌មានពីនគរបាល ស្រុកស្វាយចេក បានឲ្យដឹងថា៖ បុរសរងគ្រោះឈ្មោះ ប៉ិន ច័ន្ទប៊ីលី ភេទប្រុស អាយុ ១៩ឆ្នាំ រសនៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បើកបរម៉ូតូម៉ាក ហុងដាឌ្រីម c125 ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1I-1660 (ពាក់មួកសុវត្ថិភាព) ។ ចំណែកអ្នកបើកគោយន្ត ឈ្មោះ សូត្រ សម្បត្តិ ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិខ្វាវកើត ឃុំរលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

នគរបាលបានបញ្ជាក់ថា៖ នៅមុនពេលកើតហេតុ អ្នកបើកម៉ូតូ និងគោយន្តបានធ្វើដំណើរស្របទិសគ្នាក្នុងទិសដៅពីត្បូងទៅជើង ពេលបើកបរមកដល់ចំណុចកើតហេតុគោយន្តកន្ត្រៃបានប្តូរគន្លងផ្លូវ បត់ស្ដាំពីផ្លូវជាតិចុះទៅផ្លូវលំដោយពុំមានសញ្ញាប្រាប់ ស្របពេលនោះម៉ូតូបើកក្នុងល្បឿនលឿន ជាន់ហ្វ្រាំមិនទាន់បានបុកគោយន្តពេញទំហឹងបណ្តាលឲ្យអ្នកបើកម៉ូតូបាក់ភ្លៅខាងឆ្វេងរងរបួសធ្ងន់ ត្រូវដឹកទៅព្យាបាលនៅមន្ទីរពេទ្យ ។ សម្ភារ:គោយន្តខូចខាតស្រាល និងម៉ូតូខូចខាតធ្ងន់ យកមករក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកស្វាយចេក រង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ៕

មតិយោបល់