ព័ត៌មានជាតិ

Update៖ ហ៊ីយ៉ាន់ដាយ ពន្លះគូទក្រោយរថយន្តកុងតឺន័រក្រុមហ៊ុនផែស្ងួន តេង ឡាយ កៀបជាប់បុរសម្នាក់ ស្លាប់យ៉ាងរន្ធត់

ភ្នំពេញ: បុរសម្នាក់ បានកៀបជាប់ក្នុងកាប៊ីនរថយន្តស្លាប់យ៉ាងរន្ធត់ បន្ទាប់ពីបើករថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿង ដឹករថយន្តសាំយ៉ុងមួយគ្រឿងទៀតពីលើ ជ្រុលចង្កូតទៅបុករថយន្តកុងតឺន័រក្រុមហ៊ុនផែស្ងួត តេង ឡាយ មួយគ្រឿង កំពុងឈប់នៅនិងស្តុបពីក្រោយពេញទំហឹង។

ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង ១១ និង១០នាទីយប់ ថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ កែងនិងផ្លូវទំនប់កប់ស្រូវ ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះ(ស្លាប់) មានឈ្មោះហ៊ាង សេងហ៊ុយ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាអ្នកបើររថយន្តតាមក្រុមហ៊ុន មានស្រុកកំណើត ភូមិជួរកណ្តាល ឃុំកោះពីរ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម។

តាមប្រភពពីមិត្តភក្តិរួមការងារ ជាមួយជនរងគ្រោះ បានឲ្យដឹងថា ជនរងគ្រោះជាអ្នកស៊ីឈ្នួល បើកបររថយន្តឲ្យក្រុមហ៊ុនមួយកន្លែង ហើយមុនកើតហេតុជនរងគ្រោះ បានបើករថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿង ពណ៌ខៀវ គ្មានស្លាកលេខ ដោយដឹករថយន្តសាំយ៉ុងមួយគ្រឿងទៀតពីលើ ពណ៌លឿង គ្មានស្លាកលេខដូចគ្នា។ រថយន្តទាំងពីរនេះ ទើបនឹងទម្លាក់ចេញពីរទូកុងតឺន័រ នៅខេត្តព្រះសីហនុ បំណងបើកយកមដាក់នៅឃ្លាំងរថយន្តមួយកន្លែង ម្តុំផ្លូវ២០០៤ ធ្វើដំណើរពីលិចទៅកើត តាមបណ្តោយផ្លូវជាតិលេខ៤ មកដល់ចំណុចកើតហេតុ បានជ្រុលចង្កូតទៅបុករថយន្តកុងតឺន័រក្រុមហ៊ុន ផែស្ងួត តេង ឡាយ មួយគ្រឿង ក្បាលពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ3B-7061 ឈប់នៅនិងស្តុបស្របទិសដៅគ្នាពីរក្រោយពេញទំហឹង បណ្តាលតៃកុងកៀបជាប់ក្នុងកាប៊ីនរថយន្តស្លាប់យ៉ាងអាណោចអាធម៌។ បន្ទាប់មកមានក្រុមសង្គ្រោះបន្ទាន់ កងពលតូចលេខ៧០ -៧១១ បានចុះមកជួយអន្តរាគមន៍ យករថយន្តមួយគ្រឿង មកជួយទាញរថយន្តជនរងគ្រោះ ដែលកំពុងកៀបជាប់ ចេញពីររថយន្តកុងតឺន័រ រួចក្រុមសង្គ្រោះបន្ទាន់៧១១ បានយកឧបករណ៍កាត់ដែក មកកាត់ទ្វាររថយន្ត ដើម្បីយកសពជនរងគ្រោះ ចេញមកក្រៅ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញ បានចុះមកធ្វើការវាស់វែង យករថយន្តទាំងពីរគ្រឿងទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ ដើម្បីរងចាណដោះស្រាយគ្នា ទៅតាមផ្លូវច្បាប់។

ដោយឡែកសពជនរងគ្រោះ សមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវ រកសាច់ញាត្តិ មកទទួលយកសពយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់