ព័ត៌មានជាតិ

បុរសម្នាក់ជិះម៉ូតូដឹកឈើ បែកកង់មុខដួលសង្កត់លើ បណ្តាលឲ្យបាក់កស្លាប់បាត់បង់ជីវិត

ពោធិ៍សាត់: យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា កាលពីថ្ងៃអាទិត្យ ៩កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង០៨និង៣០នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូដឹកឈើចំនួន៤ដុំ មុខ២០x២០ តែត្រូវម៉ូតូបែកកង់មុខ ដួលម៉ូតូឈើសង្កត់លើ បណ្តាលឲ្យសង្កត់កស្លាប់បុរស០១នាក់ ហេតុការណ៍នេះ កើតឡើងនៅលើផ្លូវកៅស៊ូ ចំណុចអូរទូក ស្ថិតក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យដល់កន្លែងកើតហេតុ ។

របាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកក្រគរ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហ៊ីម កុប ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចាម មានទីលំនៅភូមិដង្គៀបក្តាម ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បើកបរម៉ូតូម៉ាក វ៉េវអាល់ហ្វា ពណ៌ខ្មៅ គ្មានផ្លាកលេខ ។

យោងតាមកំណត់ហេតុ ស្តាប់ការបំភ្លឺរបស់ឈ្មោះ អប់ ឯល ភេទប្រុស អាយុ ២២ ឆ្នាំ ជនជាតិចាម បានបញ្ជាក់ថា នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង៧និង០០នាទីព្រឹក ខ្លួនបានបើកម៉ូតូដឹកឈើមកពីភ្នំ ប៉ែកខាងលើមានម៉ូតូចំនួន០៥គ្រឿង ១-ឈ្មោះ ហាំ ២-ឈ្មោះ ៣-ឈ្មោះ លោះ ៤-ឈ្មោះ ហ៊ីម កុប ៥-រូបខ្លួនផ្ទាល់បានបើកម៉ូតូដឹកឈើចុះមកផ្ទះរៀងៗខ្លួន លុះបើកមកដល់ចំណុចផ្លូវបំបែកអូរទូក ស្ថិតក្នុងភូមិបំណក់ ឃុំឈើតុំ ខ្លួនបានឃើញម៉ូតូឈ្មោះ ហ៊ីម កុប បែកកង់មុខហើយក៏ដួលម៉ូតូ ឈើដែលដឹកលើម៉ូតូនោះរអិលសង្កត់កពីលើខ្លួនឃើញដូចនេះ ក៏បើកម៉ូតូមកឈប់ហើយជួយលើក ដោយសារឈើច្រើនពេកលើកមិនរួច ខ្លួនមើលទៅឈ្មោះ ហ៊ីម កុប ឃើញដាច់ខ្យល់បាត់ហើយ ឃើញដូចនេះខ្លួនបានខលប្រាប់ក្រុមគ្រួសារគាត់ថា បងកុបស្លាប់ហើយដួលម៉ូតូឈើសង្កត់បាក់ក ។

លោកវរសេនីយ៍ទោ មោក ភារម្យអធិការនគរបាលស្រុកក្រគរ បានឲ្យដឹងទៀតថា បន្ទាប់ពីកម្លាំងជំនាញចរាចរណ៍ពិនិត្យជាក់ស្តែង និងស្តាប់ការបំភ្លឺ សមត្ថកិច្ចសន្និដ្ឋានថា ករណីនេះមិនពាក់ព័ន្ធ និងបទល្មើសព្រហ្មទណ្ឌឡើយ ជនរងគ្រោះបានស្លាប់ដោយសារដួលម៉ូតូ ឈើសង្កត់កពីលើ បច្ចុប្បន្នសាកសពត្រូវបានសមត្ថកិច្ច ធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់