ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង០៩និង៣០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចមុខធនាគារ ABA ផ្លូវលេខ២៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ ប្រព្រឹត្តនៅចំណុចខាងកើតវិទ្យាល័យ ជាស៊ីមសាមគ្គី ផ្លូវលេខ២៧១ ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ។
ជនរងគ្រោះឈ្មោះខេង ម៉ារ៉ាន ភេទស្រី អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះលេខ១៥៦ ផ្លូវលំ ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ ឈៀង សំណាង ហៅឆ្អឹង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ដឹកអីវ៉ាន់តាមអនឡាញ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិ៥ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
វត្ថុតាងចាប់យក៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ ភ្នំពេញ1JF-1954 ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងការិយាល័យ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

មតិយោបល់