ព័ត៌មានជាតិ

រថយន្តបែនដឹកដីបើកលឿន ជាន់ហ្រ្វាំងមិនទាន់ជ្រុលបុក រថយន្តដឹកទំនិញ កំពុងរយ៉ែថយក្រោយពេញទំហឹង បណ្តាលឲ្យរងការខូចខាត

ភ្នំពេញ: នៅវេលាម៉ោង ៨និង៣០នាទីយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ បុរសម្នាក់បើករថយន្តបែនដឹកដីមួយគ្រឿង ក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុល ទៅបុករថយន្តដឹកទំនិញធុនធំ បើករយ៉ែថយក្រោយយ៉ាងពេញទំហឹង បណ្តាលឲ្យរងការខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង ស្ថិតតាមបណ្តោយផ្លូវមហាវិថីវិមានឈ្នះឈ្នះ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើយោងតាមតាមការបញ្ជាក់ពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តដឹកទំនិញធុនធំមួយគ្រឿង ក្បាលពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3D-7047 បានរៀបចំអីវ៉ាន់លើកដាក់រៀបលើរថយន្តរួច ក៏បានបើករយ៉ែថយក្រោយ ។ ពេលថយជិតដល់ពាក់កណ្តាលផ្លូវ គាប់ជួនស្រាប់តែមានរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ដឹកដីមួយគ្រឿងមិនមានស្លាកលេខ បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវវិមានឈ្នះ ឈ្នះ ក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ជាន់ហ្រ្វាំងមិនទាន់ជ្រុលទៅបុករថយន្តដឹកទំនិញពីចំហៀងខាងស្តាំ ផ្នែកខាងក្រោយយ៉ាងពេញទំហឹង បណ្តាលឲ្យបាក់ទ្រុងធ្លាក់អីវ៉ាន់ពេញផ្លូវ ចំណែកឯរថយន្តបែនដឹកដីវិញ រងការខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង សំណាងល្អមិនមានអ្នករងរបួសនោះទេ រងការខូចខាតតែរថយន្តទាំងសងខាងតែប៉ុណ្ណោះ។

ក្រោយពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចឲ្យភាគីទាំងសងខាងសម្រួលគ្នា តែមិនត្រូវសមត្ថកិច្ចមូលដ្ឋាន ទាក់ទងទៅខាងផ្នែកជំនាញ ចុះមកធ្វើការវាស់វែង យករថយន្តទាំងពីរទៅរក្សាទុក រង់ចាំដំណោះស្រាយនៅពេលក្រោយ៕

មតិយោបល់