ព័ត៌មានជាតិ

កម្លាំងនគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឆក់យកទូរស័ព្ទដៃ

ភ្នំពេញ: យោងតាមផេក អធិការនគរបាលខណ្ឌមានជ័យ បានឲ្យដឹងថាកាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ១៩និង០០នាទី ជនរងគ្រោះឈ្មោះ ស៊ីន សុខមាន ភេទប្រុស អាយុ ២៣ឆ្នាំ ជិះម៉ូតូមួយគ្រឿងចេញពីម្តុំទួលពង្រ ទៅផ្សារអូឡាំពិច ពេលមកដល់ចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ ផ្លូវ២៧១ ភូមិ៥ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (កន្លែងកើតហេតុ) ស្រាប់តែមានជនសង្ស័យម្នាក់ឈ្មោះ ប្រាក់ ស៊ីយ៉ាងណា ភេទប្រុស អាយុ ២៣ ឆ្នាំ ដើរមកធ្វើសកម្មភាព ឆក់យកទូរសព្ទដៃរបស់ជនរងគ្រោះខាងលើម៉ាក OPPO fine x ដែលបានដាក់ក្នុងឃ្លុបម៉ូតូខាងមុខ ហើយរត់គេចខ្លួនបាត់ បន្ទាប់មកជនរងគ្រោះបានដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យទី២ ឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវចាត់ការតាមច្បាប់ ។

រហូតដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ២១និង០០នាទី កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២ បានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនបានជនសង្ស័យខាងលើ កំពុងដើរតាមផ្លូវមាត់ប្រឡាយទឹកស្អុយ ភូមិ៥ សង្កាត់ស្ទឹងមានជ័យទី២ យកមកទីស្នាក់ការប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរ និងចាត់ការតាមផ្លូវច្បាប់តែម្ដង ។

បច្ចុប្បន្នជនសង្ស័យឈ្មោះ ប្រាក់ ស៊ីយ៉ាណា ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕

មតិយោបល់