បាត់ដំបងៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃអង្គារ ៣រោច ខែភទ្របទ ឆ្នាំខាល ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង០៩ និង៥០នាទី ត្រង់ចំណុចប្រឡាយបឹងក្រឡ ក្រុមទី១៣ ភូមិបឹងសំរោង ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង មានករណីមនុស្សលង់ទឹកប្រឡាយ បណ្តាលអោយបុរសម្នាក់ស្លាប់បាត់បង់ជីវិត ។
ជនរងគ្រោះឈ្មោះ ម៉ន ណេន ភេទប្រុស អាយុ ៥៨ ឆ្នាំ រស់នៅភូមិបឹងសំរោង ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង ។ ឆ្លងតាមការបំភ្លឺពីប្រពន្ធជនរងគ្រោះឈ្មោះ ជៀប ចាំ ភេទស្រី អាយុ ៦៨ ឆ្នាំ មុខរបរ ធ្វើស្រែ បានអោយដឹងថា កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ប្តីរបស់ខ្លួនបានផឹកស្រាស្រវឹង រហូតដល់យប់ជ្រៅលុះព្រឹកឡើងនៅថ្ងៃកើតហេតុ វេលាម៉ោង០៨ និង៣០នាទី ប្តីរបស់ខ្លួនឈ្មោះ ម៉ន ណេន មិនទាន់ស្វាងស្រាទេ ហើយបានបបួលខ្លួនទៅលើកទ្រូ នៅចំណុចប្រឡាយបឹងក្រឡ ចម្ងាយពីផ្ទះប្រហែល១៥០ម៉ែត្រ ប៉ុន្តែដោយខ្លួនឈឺជើងដើរទៅមិនទាន់គាត់ ហើយដើរតាមក្រោយ ពេលខ្លួនទៅដល់កន្លែងដាក់ទ្រូ ក៏បានឮសំឡេងក្តុងៗ ហើយខ្លួនបានស្រែកហៅតាណេនៗ តែមិនឃើញ ខណៈនោះខ្លួនបានស្រែកហៅបងប្អូន អោយជួយរកតែទឹកជ្រៅហូរខ្លាំង បានប្រហែល ២០នាទី ទើបរកឃើញហើយស្រង់យកមកធ្វើចលនាដង្ហើម ប៉ុន្តែគាត់បានស្លាប់បាត់ហើយ ។
ក្រោយពីទទួលបានព័ត៌មាន កម្លាំងនគរបាលផ្នែកជំនាញ សហការជាមួយលោកគ្រូពេទ្យជំនាញ បានចុះត្រួតពិនិត្យនិងវិភាគទីកន្លែងកើតហេតុ លើជនរងគ្រោះឈ្មោះ ម៉ន ណេត ពិតជាលង់ទឹកប្រឡាយស្លាប់ពិតប្រាកដមែន ក្រោមមូលហេតុជនរងគ្រោះស្រវឹងស្រា មិនទាន់ស្វាងចុះឆ្លងប្រឡាយលើកទ្រូ ហើយចាប់មែកឈើ បណ្តាលអោយបាក់មែកឈើធ្លាក់ទឹកប្រឡាយម្យ៉ាងវិញទៀត ជនរងគ្រោះមិនចេះហែលទឹក ។
បច្ចុប្បន្ន សាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់