ភ្នំពេញ: ភ្ញាក់ផ្អើលទាំងព្រឹក បន្ទាប់ពីស្រ្តីម្នាក់បានចូលទៅលួចទ្រព្យសម្បត្តិ ក្នុងផ្ទះអ្នកជិតខាង ប៉ុន្តែពុំទាន់លួចបានអ្វីនៅឡើយទេ ត្រូវម្ចាស់ផ្ទះឃើញទាន់ ក៏ខ្ទប់ទ្វារពីខាងក្រៅជាប់ រួចប្ដឹងនគរបាលឲ្យចុះទៅចាប់ខ្លួន នាំយកទៅសាកសួរតែម្តង ។
ហេតុការណ៍នោះ បានកើតឡើងកាលពីវេលាម៉ោង៩និង២៥នាទីព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ នៅក្នុងភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ ហៅម៉ែមីហួយ អាយុប្រហែលជាង ៤០ ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុ ។ ចំណែកម្ចាស់ផ្ទះខាងលើឈ្មោះកង បាវ ភេទប្រុស អាយុ ៥៧ ឆ្នាំ រស់ជាមួយប្រពន្ធ និងកូន មានទីលំនៅក្នុងភូមិកើតហេតុនោះដែរ ។
បើតាមស្រ្តីជាប្រពន្ធម្ចាស់ផ្ទះ បាននិយាយថា កន្លងមកគាត់ធ្លាប់បាត់គ្រឿងអលង្ការមាស៣តម្លឹង៥ជី និងលុយ៥៦០០ដុល្លារ ចំណែកកូនគាត់អស់គ្រឿងអលង្ការប្លាទីន២តម្លឹង, និងកូនប្រសារអស់គ្រឿងអលង្ការមាសរួមមានខ្សែក ខ្សែដៃ ចិញ្ចៀន និងកងដៃ១កងទៀត ប៉ុន្តែពុំដែលរកមុខចោរឃើញឡើយ ។ លុះដល់ព្រឹកថ្ងៃកើតហេតុ ខណៈដែលគាត់យកខោអាវទៅហាល ហើយចំហទ្វារផ្ទះខាងក្រោយអត់បានបិទ ស្រាប់តែជនសង្ស័យខាងលើចូលទៅ ដើម្បីធ្វើសកម្មភាពលួចទ្រព្យសម្បត្តិ ។
ប្រភពដដែលបានបន្តទៀតថា ពេលនោះគាត់អត់បានដឹងទេ លុះហាលរួចកាត់បានទៅយកអីវ៉ាន់ក្នុងបន្ទប់ក្នុងផ្ទះ ស្រាប់តែបើកទ្វារមិនបាន លុះអឺតមើលតាមប្រហោង ស្រាប់តែឃើញជនសង្ស័យកំពុងនៅក្នុងនោះ ។ ភ្លាមៗនោះគាត់បានខ្ទប់ទ្វារពីខាងក្រៅជាប់ រួចប្ដឹងនគរបាលឲ្យចុះទៅចាប់ខ្លួនជនសង្ស័យដើម្បីសាកសួរ និងដាក់ពាក្យបណ្តឹងចាត់ការតាមច្បាប់តែម្ដង ៕
មតិយោបល់