បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១១ និង០៥នាទី ស្ថិតនៅចំណុចឈ្នាន់៣ ក្រុមទី១៤ ភូមិថ្មី ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង មានករណីក្មេងស្រីម្នាក់ លង់ទឹកប្រឡាយស្លាប់បាត់បង់ជីវិត ជនរងគ្រោះឈ្មោះ ឈាន គឹមលាង ភេទស្រី អាយុ ០២ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ ។
តាមការបំភ្លឺរបស់ឈ្មោះ នាក់ លឿត ភេទស្រី អាយុ៦១ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ ដែលត្រូវជាយាយបង្កើតរបស់សព បានអោយដឹងថា នៅថ្ងៃកើតហេតុវេលាម៉ោង១០និង៥៥នាទី ខ្លួនកំពុងធ្វើម្ហូបនៅផ្ទះ ស្រាប់តែឮសំឡេងចៅឈ្មោះ ចំរើន ពិសិទ្ធ ភេទប្រុស អាយុ០៣ឆ្នាំ ស្រែកយំនៅក្នុងប្រឡាយទឹកមេលេខ១ ចេញពីទំនប់កង្ហតទៅស្រុកគាស់ក្រឡ ដែលមានចម្ងាយប្រហែល ២០ម៉ែត្រ ពីជើងផ្ទះខ្លួនក៏រត់ទៅមើល ឃើញចៅប្រុសនៅក្នុងទឹកប្រឡាយ ដោយដៃតោងជណ្តើរឡើង ខ្លួនក៏ចុះទៅលើកចៅឡើង មកលើគោក ដោយបាត់ចៅស្រីម្នាក់ទៀត (ជនរងគ្រោះ) ហើយក៏នាំកូនចៅតាមរកនៅក្នុងទឹកប្រឡាយរហូតឃើញសពចៅស្រី អណ្តែតទឹកក្នុងប្រឡាយ ដែលមានចម្ងាយជាង ២០០ម៉ែត្រ ពីកើតផ្ទះរបស់ខ្លួនហើយក៏នាំគ្នាស្រង់ចៅស្រីយកមកផ្ទះ ។
ក្រោយពីទទួលបានព័ត៌មាន កម្លាំងនគរបាលផ្នែកជំនាញសហការជាមួយលោកគ្រូពេទ្យជំនាញ បានចុះត្រួតពិនិត្យ និងវិភាគទីកន្លែងកើតហេតុ លើក្មេងស្រីរងគ្រោះឈ្មោះ ឈាន គឹមលាង ពិតជាលង់ទឹកប្រឡាយស្លាប់ពិតប្រាកដមែន ក្រោមមូលហេតុជនរងគ្រោះ ចុះលេងទឹកប្រឡាយ ខណៈពេលលោកយាយរវល់ដាំបាយ និងធ្វើម្ហូបនៅផ្ទះមិនបានមើលចៅដិតដល់ ។
បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់