ព័ត៌មានជាតិ

អាសូរណាស់! លោកតាអាយុ ៦៨ឆ្នាំម្នាក់ ដើរឆ្លងផ្លូវត្រូវរថយន្តបុក បណ្តាលឲ្យរបួសធ្ងន់ និងស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ

ពោធិ៍សាត់: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៦ និង៤៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ដោយលោកតាអាយុ ៦៨ឆ្នាំម្នាក់ ដើរឆ្លងផ្លូវត្រូវរថយន្តម៉ាកហ៊ីយ៉ានដាយ បុកបណ្តាលឲ្យរបួសធ្ងន់ (ស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកបាកាន) ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ២០០-២០១ ភូមិស្នាយទោល ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មាន បានប្រាប់ឲ្យដឹងថា ៖ មុនពេលកើតហេតុ គេឃើញមានលោកតាម្នាក់ បានដើរឆ្លងផ្លូវពីត្បូងទៅជើង ខណ:នោះស្រាប់តែមានរថយន្តម៉ាកហ៊ីយ៉ានដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2S-3235 បើកបរក្នុងទិសដៅពីលិចទៅកើត បានបុកលោកតាដើរឆ្លងផ្លូវបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ឃើញហេតុការណ៍ដូចនេះប្រភពបានផ្តល់ព័ត៌មានជូនសមត្ថកិច្ច ។

លោកវរសេនីយ៍ឯក នាង វុធ អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាកាន បានបញ្ជាក់ឲ្យដឹងថា ៖ ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋ កម្លាំងជំនាញ បានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីជួយអន្តរាគមន៍សម្រួលចរាចរណ៍ និងបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុក ប៉ុន្តែគាត់បានស្លាប់ពេលដល់មន្ទីរពេទ្យ ។

លោកអធិការបានបន្តថា ជនរងគ្រោះ មានឈ្មោះ អៀង សំ ភេទប្រុស អាយុ៦៨ឆ្នាំ មានទីលំនៅក្នុងភូមិស្នាយទោល ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ សាកសពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ចំពោះអ្នកបើកបររថយន្តបង្កមានឈ្មោះ ប៊ូ ករុណា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិក្ដីខ្វាវ សង្កាត់ចម្រើនផល ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ និងរថយន្ត សមត្ថកិច្ចបានយកមករក្សាទុកនៅប៉ុស្តិ៍ដើម្បីបន្តនីតិវិធី ៕

មតិយោបល់