បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោងប្រមាណជាង២០និង០០នាទី មានប្រជាពលរដ្ឋរាយការណ៍អំពីករណីប្រទះឃើញសាកសពនៅក្នុងរថយន្តម៉ាកPrius ស៊េរីឆ្នាំ២០០៧ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BO-1371 ដែលចតចោលនៅចំណុចក្រោយផ្សារ ពួភុយ ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ។
ក្នុងករណីនេះ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំកម្លាំងចុះទៅដល់ទីតាំង និងបានធ្វើការហ៊ុមព័ទ្ធកន្លែងកើតហេតុដើម្បីរង់ចាំការធ្វើកោសល្យវិច្ច័យ ។
នៅព្រឹកថ្ងៃ១៥ ខែកញ្ញា ឆ្នាំ២០២២ ក្រុមគ្រូពេទ្យសហការជាមួយកម្លាំងនគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រ បានចុះធ្វើកោសល្យវិច្ច័យនិងសន្និដ្ឋានបញ្ជាក់ថា នេះជាករណីឃាតកម្ម (មួលកសម្លាប់) ដែលស្ថានភាពសាកសពហើមស្អុយអាចស្លាប់កំឡុងពេល ៣ ឬ ៤ថ្ងៃមុន ។ សាកសពមានឈ្មោះ ឌីម សោភា ភេទស្រី អាយុ៣៥ឆ្នាំ មានទីលំនៅសង្កាត់ក្រាំងធ្នង់ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានមុខរបរ ជាអ្នកលក់ដីឡូតិ៍ និងបើកកន្លែងសម្អាងកាយ ។
បច្ចុប្បន្ន កម្លាំងនគរបាលខេត្តកំពុងធ្វើការស្រាវជ្រាវ រកជនសង្ស័យ និងកំណត់មុខសញ្ញា ដើម្បីចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ ។ ចំពោះសាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕


មតិយោបល់