ព័ត៌មានជាតិ

រថយន្តសាំយ៉ុងបើកបុកម៉ូតូវ៉េវពីក្រោយ បណ្តាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិត

កោះកុងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ នៅវេលាម៉ោង១៨ និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូ (ស្របទិសគ្នា ពីជើងទៅត្បូង) នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៤៥.១៤៦ ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល បណ្ដាលឲ្យស្លាប់មនុស្សចំនួន០១នាក់(ប្រុស) ។

មន្ត្រីនគរបាលស្រុកស្រែអំបិល បានឲ្យដឹងថា ម៉ូតូម៉ាកវ៉េវ ពណ៌ស្លាទុំ (គ្មានស្លាកលេខ) បើកបរដោយឈ្មោះ សយ អ៊ុយ ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិវាលត្បូង ឃុំស្រែអំបិល ស្រុកស្រែអំបិល (ស្លាប់នៅនឹងកន្លែងកើតហេតុ) ។

ចំណែកឯរថយន្តម៉ាកសុំាយ៉ុង ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2H-1843 អ្នកបើកបរបានរត់គេចខ្លួនបាត់ ។

ប្រភពដដែលបានបន្តថា មូលហេតុ រថយន្តម៉ាកសុំាយ៉ុង បើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្នបុកម៉ូតូវ៉េវពីក្រោយ ទើបបណ្ដាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ។

បច្ចុប្បន្ន សាកសពបានប្រគល់អោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ រីឯវត្ថុតាងទាំងពីរគ្រឿង ផ្នែកជំនាញ បានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកស្រែអំបិល ជាបណ្ដោះអាសន្ន ដើម្បីធ្វើការដោះស្រាយតាមនីតិវិធី ៕

មតិយោបល់