ព័ត៌មានជាតិ

ប្រពន្ធទ្រហោយំអត់មានលុយទិញទឹកដោះគោឲ្យកូន ករណីបុរសម្នាក់ជិះម៉ូតូចេញពីធ្វើការ ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ បន្សល់ទុកកូនតូច ២នាក់ឲ្យកំព្រា

ភ្នំពេញ: នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ៨និង១០នាទីយប់ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្ត និងម៉ូតូ នៅចំណុចគល់ស្ពានព្រែកជ្រៃ ស្ថិតក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្តាលឲ្យម្ចាស់ម៉ូតូស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ ។

ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះ បានជិះម៉ូតូចេញពីកន្លែងធ្វើការ ទៅបន្ទប់ជួលវិញ ប៉ុន្តែជាអកុសលមិនទាន់ទៅដល់ផង ក៏ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ ចំពោះសពត្រូវបាន រថយន្តសាមុយដឹកយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត។ រីឯប្រពន្ធទ្រហោយំរៀបរាប់ថា កូននៅតូចអឹមទឹកដោះគោ អត់មានលុយទិញទឹកដោះគោឲ្យកូន រាល់ថ្ងៃបានប្ដីធ្វើសំណង់ និងខ្លួនឯងធ្វើការរោងចក្រជួយគ្នា។

១/ ភាគីម៉ូតូម៉ាកHONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1V-5225 បើកបរដោយឈ្មោះ សែម គឹមសុង ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរ ជាងសំណង់ មានប្រពន្ធធ្វើការរោងចក្រ និងកូន ២នាក់ ស្រី១ប្រុស១ ស្រុកកំណើត ភូមិអង្គ ឃុំពពេល ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង បច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួលម្តុំកាណាស៊ីធី ខណ្ឌពោធិ៍សែនជ័យ (ស្លាប់នៅកន្លែងកើងហេតុ) ។

២/ ភាគីរថយន្តម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ កណ្តាល 3A-1188 ប្រភេទសណ្តោងរ៉ឺម៉កពាក់ស្លាកលេខ ព្រះសីហនុ 4A-4206 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ ។

បច្ចុប្បន្ន គ្រោះថ្នាក់ចរាចរណ៍ចរាចរណ៍ខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅការិយាល័យចរាយការណ៍ផ្លូវគោករាជធានីភ្នំពេញបន្តនីតិវិធី៕

មតិយោបល់