បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ១១និង៣០នាទីព្រឹក ត្រង់ចំណុចក្រុមទី១១ ភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណីក្មេងប្រុសបានលង់ទឹកស្រះ បណ្តាលអោយស្លាប់បាត់បង់ជីវិត។
ជនរងគ្រោះឈ្មោះ ឆេង ហាវ ភេទប្រុស អាយុ ៩ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ។ នៅថ្ងៃកើតហេតុក្មេងប្រុសរូបនេះ បានចុះលេងទឹកស្រះក្រោយផ្ទះ ខណៈដែលចុះដល់ទឹកជ្រៅហើយខ្លួនមិនចេះហែលទឹកផងនោះ ទើបបណ្តាលអោយលង់ស្លាប់តែម្តង។
ក្រោយពីទទួលបានព័ត៌មានកម្លាំងនគរបាលផ្នែកជំនាញ សហការជាមួយលោកគ្រូពេទ្យជំនាញ បានចុះត្រួតពិនិត្យ និងវិភាគទីកន្លែងកើតហេតុលើជនរងគ្រោះឈ្មោះ ឆេង ហាវ ពិតជាលង់ទឹកស្រះស្លាប់ពិតប្រាកដមែន។
បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់