ព័ត៌មានជាតិ

ស្លាប់ម្នាក់ភ្លាមៗ និងម្នាក់ទៀតរងរបួសធ្ងន់ ករណីម៉ូតូ ២គ្រឿងបុកគ្នា នៅខេត្តបាត់ដំបង

បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ២០និង០០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅលើផ្លូវកៅស៊ូ ស្ថិតក្នុងក្រុមទី០៤ ភូមិឆ្កែខាំប្រឹស ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង រវាងម៉ូតូ និងម៉ូតូ បណ្តាលអោយមនុស្សម្នាក់ស្លាប់បាត់បង់ជីវិត និងម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ។

លោកវរសេនីយ៍ឯក ឆាយ ម៉ាប់ អធិការនគរបាលស្រុករុក្ខគីរី បានរាយការណ៍អោយដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយម៉ូតូ ០១គ្រឿងម៉ាក ហុងដាឌ្រីម C-125 ពណ៌ខ្មៅស៊េរី ឆ្នាំ២០២០ ពាក់ស្លាកលេខ បាត់ដំបង 1AO-9730 បើកបរដោយឈ្មោះ ញ៉ែម ចិន្តា ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ ស្លាប់ភ្លាមៗនៅនឹងកន្លែង។ ធ្វើដំណើរពីលិចទៅកើតក្នុងល្បឿនលឿនបានជ្រុលចង្កូតទៅបុកម៉ូតូ ០១គ្រឿងទៀតម៉ាក ហុងដា Wave អាល់ហ្វា ពណ៌ក្រហម ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ បាត់ដំបង 1AH-4044 បើកបរដោយឈ្មោះ ជឿន ហ៊ីង ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ បណ្តាលអោយរងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកមោងឫស្សី។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញស្រុក បានចុះធ្វើការត្រួតពិនិត្យ និងវាស់វែងរួចដកហូតមធ្យោបាយបង្កទាំងពីរគ្រឿង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករុក្ខគីរី ដើម្បីរង់ចាំដំណោះស្រាយតាមនីតីវិធី។ ចំណែកឯសាកសពជនរងគ្រោះសមត្ថកិច្ចបានធ្វើកំណត់ហេតុ និងប្រគល់ទៅក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់