ព័ត៌មានជាតិ

បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿន វ៉ាជែងរថយន្តទាក់ដៃចង្កូត ដួលចូលក្រោមកង់ បណ្តាលឲ្យកិនបែកក្បាលធ្លាយខួរស្លាប់

ភ្នំពេញ: នៅវេលាម៉ោង១១និង០០នាទីយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបា​នកើតឡើង បុរសម្នាក់ជិះម៉ូតូ អ៊ឹមស្លាស មួយគ្រឿង ក្នុងល្បឿនលឿន វ៉ាជែងរថយន្តធុនធំមិនផុត ទាក់ដៃចង្កូតដួលចូលក្រោមកង់ កិនបែកក្បាលធ្លាយខួរស្លាប់ក្នុងថ្លុកឈាម ទីតាំងស្ថិតតាមបណ្ដោយផ្លូវណត់ប្រ៊ីត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តធុនធំ មួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខព្រះសីហនុ 3A-2718 ធ្វើដំណើរតាមបណ្ដោយផ្លូវណត់ប្រ៊ីត ទិសដៅពីត្បូងទៅជើង មកដល់ត្រង់ចំណុចកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាក អ៊ឹមស្លាស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1HX-5081 បើកដោយបុរសម្នាក់ស្របទិសដៅគ្នា ក្នុងល្បឿនលឿន និងបើកវ៉ាជែងខាងឆ្វេងរថយន្ត ប៉ុន្តែមិនផុតទាក់ដៃចង្កូត បណ្ដាលឲ្យដួលខ្ទាតម្ចាស់ចូលក្រោមរថយន្ត កិនបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗ រថយន្តបានបើកទៅមុខ៥០ម៉ែត្រពីកន្លែងកើតហេតុ ហើយអ្នកបើកបររថយន្តឈប់ចុះ រត់គេចខ្លួនបាត់ស្រមោល ។

នៅក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់ ។ សពជនរងគ្រោះ មិនទាន់ស្គាល់អត្តសញ្ញាណ សមត្ថកិច្ចដឹកយកទៅតម្កល់នៅវត្តទឹកថ្លា ដើម្បីរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់