ព័ត៌មានជាតិ

រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹង ខ្ទាតឡើងចិញ្ចើមផ្លូវបុកបង្គោលភ្លើង បណ្តាលឲ្យក្មេងតូចម្នាក់រងរបួស

ភ្នំពេញ: កាលពីវេលាម៉ោង១០និង០០នាទីយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្ត ម៉ែកសឺដែស មួយគ្រឿង បើកបោះពួយយ៉ាងលឿន ដោយខ្វះការប្រុងប្រយ័ត្ន បុករថយន្ត Toyota Prius ជ្រុលទៅបុកបង្គោលភ្លើង បណ្តាលឲ្យរងការខូចខាត និងរងរបួសក្មេងតូចម្នាក់ ទីតាំងស្ថិតតាមបណ្ដោយផ្លូវ១០០៧ កែងនឹងផ្លូវ១៩៨០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តមួយគ្រឿងម៉ាក Toyota Prius ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2AX-6619 មានប្រពន្ធនិងកូនតូចម្នាក់ រួមដំណើរជាមួយ ធ្វើដំណើរតាមបណ្ដោយផ្លូវ១០០៧ ទិសដៅពីជើងទៅត្បូង មកដល់ត្រង់ចំណុចកើតហេតុ បើកឆ្លងកាត់ផ្លូវ១៩៨០ បានពាក់កណ្ដាល មានរថយន្តមួយគ្រឿងទៀតម៉ែកសឺដែស ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BS-7700 បើកដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ១៩៨០ ទិសដៅលិចទៅកើតក្នុងល្បឿនលឿន បានជ្រុលទៅបុកពេញទំហឹង ហើយរថយន្តទាំងពីរគ្រឿង បានខ្ទាតឡើងខឿនចិញ្ចើមផ្លូវ ជ្រុលទៅបុកបង្គោលភ្លើងរងការខូចខាត
និងបណ្ដាលឲ្យកូនតូចរបួសក្បាល ។

នៅក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចុះវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់ ៕

មតិយោបល់