ភ្នំពេញៈ មានករណីគ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់បានស្លាប់គួរឲ្យអាណោចអាធ័ម បន្ទាប់ពីជិះម៉ូតូ ទាក់ដៃចង្កូតដួល ខ្ទាតចូលក្រោមរថយន្តកុងតឺន័រកិនពីលើ ខណៈជិះម៉ូតូស្របគ្នា កាលពីវេលាម៉ោង៩ និង ៣០នាទីយប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ២១៧ ត្រង់ចំណុចស្ពានដែកចំការដូង ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សាកសពជនរងគ្រោះខាងលើ មិនត្រូវបានស្គាល់នូវអត្តសញ្ញាណនៅឡើយ ។
ដំណើររឿងហេតុ៖ នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ បានជិះម៉ូតូឌ្រីងសង់០៨ ពណ៌ខ្មៅ ពាក់ផ្លាកលេខកោះកុង1A -0671 ធ្វើដំណើរទិសដៅពីត្បូងទៅជើង លុះពេលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុខាងលើ បានទាក់ដៃចង្កូតជាមួយរថយន្តកុងតឺន័រ ក្បាលពណ៌ត្រួយចេក ពាក់ផ្លាកលេខភ្នំពេញ 3F-0141 ធ្វើដំណើរស្របទិសគ្នា បណ្ដាលឲ្យម៉ូតូដួលទៅម្ខាង ចំណែកឯជនរងគ្រោះ បានខ្ទាតចូលក្រោមកង់រថយន្តកុងតឺន័រខាងក្រោយ កិនស្លាប់គួរឲ្យរន្ធត់ ។ រីឯតៃកុងរថយន្តបង្ក បានបើកទ្វារចុះរត់គេចខ្លួន បាត់ស្រមោលតែម្តង ។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋានលោកបានសហការ ជាមួយសមត្ថកិច្ចជំនាញចុះវាស់វែង យកវត្ថុតាងទៅរក្សាទុក នៅការិយាល័យចរាចរណ៍ រង់ចាំឲ្យម្ចាស់ចូលខ្លួនដោះស្រាយតាមនីតិវិធីផ្លូវច្បាប់ ។ សាកសពជនរងគ្រោះ សមត្ថកិច្ចធ្វើកំណត់ហេតុរួច បានទាក់ទងរកសាច់ញាតិ មកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់