ព័ត៌មានជាតិ

ម៉ូតូឈប់ពីក្រោយអេស្កាវ៉ាទ័រ លុះអេស្កាវ៉ាទ័ររយ៉ែថយក្រោយ បណ្តាលឲ្យកិនស្លាប់មនុស្ស ២នាក់ ស្រុកកៀនស្វាយ

កណ្ដាលៈ នៅថ្ងៃចន្ទ ០៩រោច ខែភទ្របទ ឆ្នាំខាលចត្វា ស័កព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ម៉ោង ៨និង១៥នាទីព្រឹក មាន ករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើងនៅលើផ្លូវលំន ចំនុចភូមិព្រែកដូង២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សភាពនៃរឿងហេតុ៖ នៅថ្ងៃ.ខែ.ឆ្នាំ និងពេលវេលាម៉ោងកើតហេតុខាងលើ មានអេស្កាវ៉ាទ័រ ០១ គ្រឿង ម៉ាក KOBEICO ពណ៌ខៀវខ្ចី បើកបរដោយឈ្មោះ អុង សំអឿន (ម៉ៅ) ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិព្រែកដូង២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលបើកបរមានទិសដៅពីជើងទៅត្បូង (ជួសជុលកិនបង្ហាប់ផ្លូវ នេះ)។ ពេលបើកមកដល់កន្លែងកើតហេតុខាងលើ ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាក់ HONDA Dream c ១២៥ ស៊េរី ឆ្នាំ ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1Q-2587 បើកបរដោយ ឈ្មោះ កែវ ចិន្ដា ភេទប្រុស អាយុ ៣៦ឆ្នាំ (ស្លាប់) មានទីលំនៅភូមិព្រែកដូង២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល មានអ្នករួមដំណើរចំនួន ០៣នាក់ពីក្រោយ ទី១ ឈ្មោះ ស៊ីម សុខកល្យា ភេទស្រី អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ ទី២ ឈ្មោះ ចិត្ត រក្សា ភេទប្រុស អាយុ ១៣ឆ្នាំ ជនជាតិខ្មែរ ទី៣ ឈ្មោះ ចិត្ត រីយ៉ា ភេទស្រី អាយុ ១១ឆ្នាំ (ស្លាប់) អ្នកទាំងបីស្នាក់នៅភូមិព្រែកដូង២ ឃុំកំពង់ស្វាយ ស្រុកៀនស្វាយ ខេត្តកណ្ដាល ដែលមានទិសដៅពីជើងទៅត្បូងមកឈប់ចំពីក្រោយអេស្កាវ៉ាទ័រ ។ លុះអេស្កាវ៉ាទ័ររយ៉ែថយក្រោយ បានកិនម៉ូតូដែលឈប់នោះ បណ្តាលអោយអ្នកបើកម៉ូតូឈ្មោះ កែវ ចិន្ដា ភេទប្រុស អាយុ ៣៦ឆ្នាំ និង ឈ្មោះ ចិត្ត រីយ៉ា ភេទស្រី អាយុ ១១ ឆ្នាំ ស្លាប់នៅកន្លែងកើតហេតុ ហើយបានប្រគល់អោយគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។

ម៉ូតូខូចធ្ងន់ និងអេស្កាវ៉ាទ័រ បានយកមករក្សាទុកជាភស្តុតាង នៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ។

ការសន្និដ្ឋានបឋម៖ អ្នកបើកបរអេស្កាវ័ទ័រ ឈ្មោះ អុង សំអឿន (ម៉ៅ) ភេទប្រុស បើករយ៉ែថយក្រោយមិនបានមើលគ្រប់ជ្រុងជ្រោយ ក្នុងស្ថានភាពគ្រោះថ្នាក់ រីឯអ្នកបើកបរម៉ូតូ ឈ្មោះ កែវ ចិន្តា ភេទប្រុស បើកបរម៉ូតូមិនប្រុងប្រយ័ត្នមិនមើលស្ថានភាពផ្លូវខាងមុខមានឧបសគ្គ៕

មតិយោបល់