ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូបុកគ្នាពេញទំហឹង បណ្តាលឲ្យបុរសវ័យចំណាស់ម្នាក់របួសជាទម្ងន់

ភ្នំពេញ: នៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រវាងរថយន្ត និងម៉ូតូឌ្រីមសង់បុកគ្នាពេញទំហឹង បណ្តាលឲ្យបុរសម្នាក់វ័យជាង៥០ឆ្នាំ រងរបួសធ្ងន់ បញ្ជូនទៅសង្រ្គោះបន្ទាន់ នៅឯមន្ទីរពេទ្យ ទីតាំងស្ថិតម្ដុំផ្លូវចូលបឹងកក សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខព្រះសីហនុ 2B-5858 បើកបរដោយ ជនមិនស្គាល់អត្តសញ្ញាណម្នាក់ ។ លុះពេលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុ ត្រង់ម្តុំផ្លូវចូលទៅបឹងកក់ ក៏បានប៉ះទង្គិចគ្នាជាមួយនឹងម៉ូតូឌ្រីមសង់មួយគ្រឿង បើកបរដោយបុរសវ័យចំណាស់ម្នាក់ពេញទំហឹង បណ្តាលឲ្យដួលបោកនឹងថ្នល់បែកក្បាលហូរឈាម រងរបួសជាទម្ងន់ ។ ភ្លាមៗនោះ ជនរងគ្រោះត្រូវបានរថយ ន្តពេទ្យដឹកយកទៅសង្រ្គោះបន្ទាន់ផងដែរ ។

នៅក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចជំនាញផ្នែក ខាងចរាចរណ៍ជើងគោក នៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យមើល ដល់ទីតាំងកន្លែងកើតហេតុ ។ បន្ទាប់មកបានធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំ ធ្វើការដោះស្រាយនៅពេលក្រោយ ទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់