ព័ត៌មានជាតិ

​រថយន្ត​ដឹក​ទឹក​ក្រុមហ៊ុន​ធ្វើ​ផ្លូវ​ បើកថយក្រោយកិនម៉ូតូមួយគ្រឿង បណ្តាលឲ្យស្លាប់ម្នាក់​និងរង​របួស​ម្នាក់​

ពោធិ៍សាត់ៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា​ ស្ត្រី​ម្នាក់​បាន​ស្លាប់​និង​កន្លែង​កើតហេតុ​ ឯ​បុរស​ម្នាក់​ទៀត​រង​របួសស្រាល​ ដោយសារ​រថយន្ត​ដឹក​ទឹក​របស់​ក្រុមហ៊ុន​ធ្វើ​ផ្លូវ​ថយក្រោយ​កិន​ម៉ូតូ​និង​មនុស្ស​ ។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​ កាលពី​រសៀល​ម៉ោង​២​និង​៣០​នាទី​ ថ្ងៃ​ទី​១៨​ ខែកញ្ញា​ ឆ្នាំ​២០២២​ ស្ថិត​នៅ​ភូមិ​ទួល​គ្រួ​ស​ សង្កាត់​ចំរើន​ផល​ ក្រុង​ពោធិ៍សាត់​ ខេត្តពោធិ៍សាត់​ ។​

​នគរបាល​ចរាចរណ៍​ផ្លូវគោក​ក្រុង​ពោធិ៍សាត់ ​បាន​ឲ្យ​ដឹង​ថា​ មាន​រថយន្ត​០១​គ្រឿង​ម៉ាក​កាំ​ម៉ាស់​ ប្រភេទ​រថយន្ត​ដឹក​ទឹក​ស្រោច​ថ្នល់​របស់​ក្រុមហ៊ុន​ធ្វើ​ផ្លូវ​ ពណ៌​លឿង​ គ្មាន​ស្លាក​លេខ​ បើកបរ​ដោយ​ឈ្មោះ​ សិទ្ធ​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ រស់នៅ​ភូមិ​សាលា​គំរូ​ សង្កាត់​ព្រៃ​ញី​ ក្រុង​ពោធិ៍សាត់​ ខេត្តពោធិ៍សាត់​ បាន​បើក​មក​ដល់​ចំណុច​កើតហេតុ​ ដោយ​មិន​បាន​ងាក​ក្រោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ ក៏​បើក​ថយក្រោយ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ ខណៈនោះ​ ក៏​ត្រូវ​ប៉ះ​កិន​ម៉ូតូ​០១​គ្រឿង​នៅ​ពី​ខាងក្រោយ​ ម៉ាក​ហុងដា​ សេ​១២៥​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ពោធិ៍សាត់​ 1M.3612​ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់​ និង​របួសស្រាល​ម្នាក់​តែ​ម្ដង​ ។​

​នគរបាល​ចរាចរណ៍​ក្រុង​បាន​បន្ត​ថា​ អ្នកបើកបរ​ម៉ូតូ​ឈ្មោះ​ តេ​ង​ សុ​ផុ​ន​ ភេទ​ប្រុស​ អាយុ​៦៤​ឆ្នាំ​ រស់នៅ​ភូមិ​ស្រែ​ព​ពាយ​ ឃុំ​ស​ន្ទ្រែ​ ស្រុក​ភ្នំ​ក្រ​វ៉ា​ញ​ ខេត្តពោធិ៍សាត់​ រង​របួសស្រាល​ អ្នក​រួម​ដំណើរ​ឈ្មោះ​ អ៊ិ​ន​ សា​អែម​ ភេទ​ស្រី​ អាយុ​៥៣​ឆ្នាំ​ មាន​ទីលំនៅ​ក្នុងភូមិ-​ឃុំ​ជាមួយ​គ្នា​ ស្លាប់​នៅ​កន្លែង​កើត​ហេតុតែ​ម្តង​ ។​

​បន្ទាប់​ពី​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​រួចរាល់​ បាន​ប្រគល់​សាកសព​ជូន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ។​ ចំណែក​វត្ថុ​មធ្យោបាយ​ទាំង​២​គ្រឿង​ សមត្ថកិច្ច​បាន​យក​មក​រក្សា​ទុក​បណ្តោះអាសន្ន​ នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់​ ដើម្បី​ដោះស្រាយ​តាម​ផ្លូវច្បាប់​ ៕

មតិយោបល់