ព័ត៌មានជាតិ

សង្ស័យប្រើខ្សែចាស់ៗ ករណីឆ្លងចរន្តអគ្គិសនីឆេះផ្ទះវីឡានគរបាល ផ្កាយ១ម្នាក់ នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ: ផ្ទះវីឡាមួយកន្លែង ខណ:ដែលម្ចាស់មិននៅ ជាប់រវល់ចេញទៅធ្វើការងារបាត់ ទុស្សេចរន្តភ្លើង ឆេះរាលពេលល្វែងផ្ទះផ្នែកខាងក្រោម បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ថ្ងៃត្រង់ទី២៨ ខែកក្កដា ឆ្នាំ២០២០ នៅតាមផ្លូវបេតុង ភូមិខ្វែ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ហើយនេះក៏ជាករណីទី២ហើយ សម្រាប់ផ្ទះមួយនេះ ក្នុងឆ្នាំ២០២០នេះ ។

ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ រ៉យ ធឿន ភេទប្រុស ជានគរបាល ផ្កាយ១ នៅក្រសួងមហាផ្ទៃ ហើយផ្ទះខាងលើទំហំ១០ម៉ែត្រx១៥ម៉ែត្រ សង់ពីថ្ម ជាផ្ទះវីឡា ។

តាមអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ផ្ទះរងគ្រោះខាងលើ ជួបគ្រោះអគ្គិភ័យចំនួន២លើក ហើយដោយសារតែទុស្សេឆ្លងចរន្តអគ្គិសនី កាលពីដើមឆ្នាំ២០២០ ជួបបញ្ហាម្តង ខូចខាតអស់ទ្រព្យសម្បត្តិមួយចំនួននៅផ្នែកខាងក្រោម មកដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ ខណ:ដែលម្ចាស់រវល់ទៅធ្វើការបាត់ មានតែសាច់ញាតិ នៅជួយមើល ស្រាប់តែកើតមានករណីទុស្សេចរន្តភ្លើង នៅផ្នែកជាន់ក្រោម ឆេះហុយផ្សែងខ្មួល បង្កឲ្យភ្ញាក់ផ្អើល សមត្ថកិច្ច ចេញរថយន្តពន្លត់អគ្គិភ័យ មួយគ្រឿង របស់នគនរបាលអន្តរាគមន៍ក្រសួងមហាផ្ទៃ ដែលមានទីតាំងឈរជើងក្នុងភូមិនោះស្រាប់ មកជួយបាញ់ទឹកពន្លត់ភ្លើងឲ្យរលត់ទៅវិញភ្លាមៗ សម្ភារ: គ្រឿងសង្ហារឹម នៅផ្នែកខាងក្រោម ទទួលរងភ្លើងឆេះខូចខ្ទេច តែមិនបង្កឲ្យអ្នកណារងរបួសឡើយ ប្រើប្រាស់ទឹកអស់១ស៊ីទែន ។

បើតាមមតិក្រៅផ្លូវការបានឲ្យដឹងថា ផ្ទះវីឡាខាងលើ សង្ស័យម្ចាស់ប្រើប្រាស់ខ្សែភ្លើងចាស់ៗ គ្មានគុណភាព មកប្រើប្រាស់ក្នុងផ្ទះ ទើបប្រឈមងាយទុស្សេ គិតក្នុងឆ្នាំ២០២០នេះ ទុស្សេចរន្តឆេះផ្ទះចំនួន២ដងហើយ ៕

មតិយោបល់