ព័ត៌មានជាតិ

រថយន្តស៊េរីទំនើបម៉ាក Jeed បើកបរបុកនិងកិនម៉ូតូ១គ្រឿង បណ្តាលឲ្យបុរសម្នាក់រងរបួសសង្ស័យបាក់ជើង

ភ្នំពេញ: នៅវេលាម៉ោង១០និង០០នាទីយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តស៊េរីទំនើបម៉ាក Jeed មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BN-4456 បើកបរបុកនិងកិនម៉ូតូ១គ្រឿងម៉ាកឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FG-5323 បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ សង្ស័យបាក់ជើង ស្ថិតតាមបណ្តោយផ្លូវលេខ១០៥ ភូមិ៤ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុ គេឃើញរថយន្តស៊េរីទំនើប មួយគ្រឿងម៉ាក Jeed បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១០៥ ។ លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ ក៏បានជ្រុលទៅបុកម៉ូតូ១គ្រឿងម៉ាក ឌ្រីមសង់ និងកិនជាប់នៅក្រោមកង់រថយន្ត បណ្តាលឲ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ។ ក្នុងហេតុការណ៍នេះ បណ្តាលឲ្យភាគីខាងម៉ូតូ រងរបួសធ្ងន់បុរសម្នាក់សង្ស័យបាក់ជើង បន្ទាប់ពីកើតហេតុជនរងគ្រោះ ត្រូវបានគេដឹកបញ្ជូនទៅសង្រ្គោះបន្ទាន់នៅឯមន្ទីរពេទ្យ ។

នៅក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចជំនាញផ្នែកខាងចរាចរណ៍ជើងគោក នៅក្នុងមូលដ្ឋានក៏ដូចជាមន្រ្តីសមត្ថកិច្ចនៃអធិ ការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានចុះមកដល់កន្លែងកើតហេតុ ធ្វើការពិនិត្យមើលផងដែរ ។ បន្ទាប់មកបានយករថយន្តនិងម៉ូតូ ខាងលើនោះ ទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំឲ្យភាគីទាំងពីរចូលខ្លួនដោះស្រាយ នៅពេលក្រោយទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់