ព័ត៌មានជាតិ

ជនរងគ្រោះពីរនាក់ជិះម៉ូតូឌុបគ្នា ត្រូវក្មេងទំនើងជិះដេញធាក់ពីក្រោយ ជ្រុលចង្កូតបុកខឿនផ្លូវស្លាប់ម្នាក់របួសធ្ងន់ម្នាក់

ភ្នំពេញ: កាលពីវេលាម៉ោង០២និង០០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ បុរសម្នាក់ជិះម៉ូតូ១គ្រឿង ឌុបគ្នានារីម្នាក់ ធ្វើដំណើរតាមដងផ្លូវសុខៗ ស្រាប់តែមានក្មេងទំនើងពីរនាក់ ជិះម៉ូតូ១គ្រឿង ធ្វើសកម្មភាពដេញធាក់ពីក្រោយ បណ្តាលឲ្យជ្រុលចង្កូតបុកខឿនផ្លូវពេញទំហឹង ដួលបោកក្បាលស្លាប់បុរសម្នាក់ និងរងរបួសធ្ងន់នារីម្នាក់ ទីតាំងស្ថិតតាមបណ្តោយផ្លូវ វេងស្រេង សង្កាត់ចោមទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ និងនារីម្នាក់ទៀត ជិះម៉ូតូ១គ្រឿងម៉ាក លែត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IG-7253 ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេង ទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ។ លុះពេលមកដល់ត្រង់ ចំណុចកើតហេតុ ស្រាប់តែលេចមុខក្មេងទំនើងពីរនាក់ ជិះម៉ូតូ១គ្រឿងធ្វើដំណើរពីក្រោយស្របគ្នា ក្នុងល្បឿនលឿន បានជិះមកកៀក ហើយក៏ធាក់ម៉ូតូជនរងគ្រោះពីក្រោយ បណ្តាលឲ្យជ្រុលចង្កូតបុកខឿនផ្លូវ បោកក្បាលបុរសម្នាក់ស្លាប់នៅកន្លែងកើតហេតុ ចំណែកនារី ម្នាក់រួមដំណើរជាមួយរងរបួសធ្ងន់ ត្រូវបានរថយន្តដឹកយកទៅសង្រ្គោះ ។ រីឯក្មេងទំនើងបានជិះម៉ូតូគេចខ្លួនបាត់ស្រមោល ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចចរាចរណ៍ចុះមកពិនិត្យ និងយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ចោមចៅទី១ និងធ្វើកំណត់ហេតុប្រគល់សពឲ្យរថយន្តសាមុយដឹកយកទៅតម្កល់ទុក នៅវត្តស្ទឹងមានជ័យ ដើម្បីស្វែងរកសាច់ ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់