ព័ត៌មានជាតិ

ករណីទំនាស់ពាក្យសំដីគ្នា ជនសង្ស័យម្នាក់ យកញញួរដែកវាយក្បាលជនរងគ្រោះ បណ្តាលឲ្យបែករងរបួសធ្ងន់

បាត់ដំបង: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៦និង០០នាទី ត្រង់ចំណុចក្រុមទី១០ ភូមិកកោះ ឃុំអូរតាគី ស្រុកថ្មគោល ខេត្ដបាត់ដំបង មានករណីហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស ដោយប្រើប្រាស់អាវុធ (ញញួរ) មួយបានកើតឡើង ដែលករណីនេះបង្កឡើង ដោយជនសង្ស័យ០១នាក់ឈ្មោះ ហម វីរ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិកកោះ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង បានធ្វើសកម្មភាព យកញញួរដែកវាយទៅលើជនរងគ្រោះ០១នាក់ឈ្មោះ រុន ប៊ុនធឿន ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិកកោះ ឃុំអូតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ចំនួន០៣ញញួរ ត្រូវចំក្បាល បណ្ដាលឱ្យរងរបួសបែកក្បាល ។

ដោយអនុវត្តតាមយោបល់ដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំងផ្នែកជំនាញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃាត់ខ្លួនជនសង័្សយខាងលើ និងដកហូតយកវត្ថុតាងរួមមានញញួរដែកផ្លែ និងដងដែកចំនួន ០១ ដែលជនសង័្សយប្រើសម្រាប់វាយជនរងគ្រោះ ។

នៅកន្លែងសមត្ថកិច្ចជនសង័្សយបានសារភាពថា មូលហេតុដែលខ្លួនយកញញួរ វាយទៅលើជនរងគ្រោះបែបនេះ គឺដោយសារមានទំនាស់ពាក្យសំដីជាមួយគ្នា ។

ករណីនេះ ជនរងគ្រោះត្រូវនាំយកទៅព្យាបាលនៅមន្ទីរពេទ្យ រីឯជនសង័្សយត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់