ព័ត៌មានជាតិ

រន្ធត់ណាស់! រថយន្តបុកម៉ូតូ១គ្រឿងពេញទំហឹង បណ្តាលឲ្យមនុស្ស៣នាក់ស្លាប់បាត់បង់ជីវិត ក្នុងនោះមានក្មេងអាយុ៦ខែម្នាក់

ពោធិ៍សាត់: នៅថ្ងៃអាទិត្យ ៨រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង០៦និង៤០នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តនិងម៉ូតូបើកបរស្របទិសគ្នាពីកើតទៅលិច រថយន្តបុកម៉ូតូពេញទំហឹង បណ្តាលឲ្យមនុស្សចំនួន០៣នាក់ស្លាប់ មានស្រី០២នាក់ និងក្មេងប្រុសម្នាក់អាយុ៦ខែ នៅលើផ្លូវលេខ ៥៥ គីឡូ៨០-៨១ ស្ថិតក្នុងចំណុចទួលកកោះ ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុ គេឃើញម៉ូតូ១គ្រឿងម៉ាក HONDA WAVE ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1M-9709 ពោធិ៍សាត់ ធ្វើចរាចរណ៍ពីកើតទៅលិច ។ អ្នកបើកបរម៉ូតូឈ្មោះ ប៉ុង រី ភេទស្រី អាយុ៣៨ ឆ្នាំ ជនជាតិ ខ្មែរ រស់នៅចំណុចតាំងយ៉ ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានអ្នករួមដំណើរជាមួយពីរនាក់៖ ១-ឈ្មោះ ឈួន មុំ ភេទស្រី អាយុ ២៨ ឆ្នាំ រស់នៅចំណុចតាំងយ៉ ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ ២-ឈ្មោះ ប៉ុង វណ្ណដា ភេទប្រុស អាយុ ៦ ខែ រស់នៅចំណុចតាំងយ៉ ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ លុះពេលបើកបរមកដល់ត្រង់ ចំណុចកើតហេតុ មានរថយន្ត១គ្រឿងម៉ាក TOYOTA ALPHARD ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BB-2309 ធ្វើចរាចរណ៍ស្របទិសដៅគ្នា បានបុកម៉ូតូជនរងគ្រោះពេញទំហឹង បណ្តាលឲ្យជនរងគ្រោះខាងលើ៣នាក់ស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុ ។ ចំណែកអ្នកបើកបរថយន្តបន្ទាប់ពីកើតហេតុ បានរត់គេចខ្លួនបាត់ស្រមោល ។ ករណីខាងលើនោះ បណ្តាលមកពីអ្នកបើកបររថយន្ត ប្រើប្រាស់ល្បឿនលឿនគ្មានការប្រុងប្រយ័ត្ន ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យមើល ធ្វើកំណត់ហេតុប្រគល់សាកសពជនរងគ្រោះទាំង០៣នាក់ ឲ្យសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំពោះវត្ថុតាង រថយន្ត០១គ្រឿងនិងម៉ូតូ០១គ្រឿង យកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកវាលវែង ជាបណ្តោះអាសន្ន ដើម្បីស្វែងរកម្ចាស់រថយន្តចូលខ្លួនដោះស្រាយ ទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់