ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០៤នាក់ ករណីគាស់ផ្ទះពលរដ្ឋលួចទ្រព្យសម្បត្តិ និងទទួលផលចោរកម្ម

ឧត្តរមានជ័យ:​ យោងតាមផេក អធិការដ្ឋាននគរបាល ក្រុងសំរោង បានឲ្យដឹងថា នៅថ្ងៃច័ន្ទ ០៩រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក​​ ព.ស.២៥៦៥៦ ត្រូវ​នឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ វេលា​ម៉ោង​ ០៩និង៤០នាទី​ លោកវរសេនីយ៍ឯក ហម ភិរម្យ​ អធិការនគរបាលក្រុងសំរោង បានទទួលព័ត៌មាន និងបណ្តឹងពីឈ្មោះ ង៉ែត គន្ធា ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យថា មានករណីចោរគាស់ផ្ទះលួចទ្រព្យសម្បត្តិរួមមាន៖ ១-​ទូរទស្សន៍ ម៉ាក LG Nano ពណ៌ខ្មៅ ចំនួន ០១គ្រឿង, ២-​ កុំព្យូទ័រយួរដៃ ម៉ាកអេស៊ូស ពណ៌សម្បកឪឡឹក ចំនួន ០១គ្រឿង និងម៉ាកដេល ចំនួន ០១គ្រឿង, ៣-​ ម៉ាស៊ីនផ្លុំធូលី ធុនតូច ពណ៌បៃតង ចំនួន០១គ្រឿង, ៤-​ឈើធ្នុង ទំហំ​៥ស.ម×៤០ស.ម×១៥០ស.ម ចំនួន ០២សន្លឹក, ៥-​ ឈើនាងនួន ទំហំ ៥ស.ម×២០ស.ម×១២០ស.ម ចំនួន០២សន្លឹក, ៦-​ ឈើធ្នង់ដុំ ទំហំ ១៤ស.ម×១៤ស.ម×១០០ស.ម ចំនួន០២ដុំ, ៧-​ ឫសឈើក្រញូងរាងមូល ទំហំ ៨ស.ម×៨ស.ម×១០០ស.ម ចំនួន ០៤ដុំ, ៨-​ ថូឈើធ្នង់ ចំនួន០៣ថូ, ៩-​ ខោអាវ ០១ចំនួនតូច បង្កឡើងដោយជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ ។

ក្រោយពេលទទួលព័ត៌មាន លោកវរសេនីយ៍ឯក ហម ភិរម្យ អធិការនគរបាលក្រុងសំរោង បានចាត់លោកវរសេនីយ៍ត្រី សត្យា រ៉ូម៉េអ៊ូ អធិការរងទទួលផែនការងារនគរបាលយុត្តិធម៌ ដឹកនាំកម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលសំរោង ចុះទៅដល់ទីកន្លែងកើតហេតុ ធ្វើការត្រួតពិនិត្យ-ស្រាវជ្រាវ កំណត់បានមុខសញ្ញា និងតាមប្រមាញ់ឃាត់ខ្លួនបានជាបន្តបន្ទាប់ សរុបចំនួន០៤នាក់ ព្រមទាំងរកឃើញសម្ភារ:វត្ថុតាង យកមកកាន់អធិការដ្ឋាននគរបាលក្រុងសំរោង ដើម្បីធ្វើការសួរនាំតាមនីតិវិធី ។

ជនសង្ស័យទាំង០៤នាក់ មានឈ្មោះដូចខាងក្រោម៖ ១-​ឈ្មោះ ឈៀង ចាន់ធា ហៅ ទើម​ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ​មិនពិតប្រាកដ​ ស្នាក់នៅបណ្ដោះអាសន្នភូមិសំរោង សង្កាត់/ក្រុងសំរោង ខេត្តឧត្តរមានជ័យ (ជាជនដៃដល់) ។ ២-​ឈ្មោះ ឈ្នៀង សុគា ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិគៀប ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ (ជាជនដៃដល់) ។ ៣-​ឈ្មោះ ចាត លីដេត​ ភេទប្រុស អាយុ ២១ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិសំរោង សង្កាត់/ក្រុងសំរោង ខេត្តឧត្តរមានជ័យ (អ្នកសមគំនិត និងជាមុខសញ្ញាទើបចេញពីពន្ធនាគារ) ។ ៤-ឈ្មោះ ញៀន សុផល​ ភេទប្រុស អាយុ ២៧ ឆ្នាំ មានទីលំនៅភូមិបុរីរដ្ឋបាល សង្កាត់/ក្រុងសំរោង ខេត្តឧត្តរមានជ័យ (អ្នកទទួលផលចោរកម្ម) ។

ឆ្លងតាមកំណត់ហេតុស្តាប់ចម្លើយ ជនសង្ស័យខាងលើបានឆ្លើយសារភាពថា​ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោងប្រហែល ១៩និង០០នាទី ឈ្មោះ ឈៀង ចាន់ធា និងឈ្មោះ ឈ្នៀង សុគា បាននាំគ្នាទៅគាស់ចម្រឹងឈើដុំផ្នែកខាងក្រោយផ្ទះរបស់ឈ្មោះ ង៉ែត គន្ធា ដោយចបជីក រួចផ្លោះចូលខាងក្នុងផ្ទះធ្វើសកម្មភាព លួចយកទ្រព្យសម្បត្តិដូច​មាន​រៀប​រាប់​ខាង​លើ​ ។ ក្រោយពេលលួចបានឈ្មោះ ឈៀង ចាន់ធា និងឈ្មោះ ឈ្នៀង សុគា បានជញ្ជូនទ្រព្យសម្បត្តិទាំងនោះ ទៅលាក់ទុកក្រៅរបងផ្ទះ រួចនាំគ្នាដើរទៅសួនជួបជាមួយឈ្មោះ ចាត លីដេត និងបានឲ្យវា ជូនទៅខ្ចីម៉ូតូរបស់ឈ្មោះ ធឿន រស់នៅភូមិសំរោង ក្រោយពេលខ្ចីម៉ូតូបានឈ្មោះ ឈៀង ចាន់ធា, ឈ្មោះ ឈ្នៀង សុគា និងឈ្មោះ ចាត លីដេត បាននាំគ្នាជិះម៉ូតូទៅលួចរទេះរបស់គេ ដែលទុកនៅមុខផ្ទះភូមិដូនកែនសែនជ័យ រួចយករទេះនោះទៅដឹកជញ្ជូនទ្រព្យសម្បត្តិ ដែលលួចពីផ្ទះរបស់ឈ្មោះ ង៉ែត គន្ធា ទៅទុកនៅផ្ទះទុកចោលរបស់ឈ្មោះ រ៉ាន់ ស្ថិតនៅភូមិពុរ ដោយឈ្មោះ រ៉ាន់ មិនដឹងទេ លុះភ្លឺឡើងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោងប្រហែល ០៨និង០០នាទី ឈ្មោះ ចាត លីដេត បានទូរស័ព្ទហៅឈ្មោះ ញៀន សុផល​ មកទិញឈើអស់ ក្នុង​តម្លៃ​ចំនួន ៤០ម៉ឺនរៀល ក្នុងពេលនោះឈ្មោះ ចាត លីដេត បានយកប្រាក់ពីខ្លួនចំនួន១០ម៉ឺនរៀល និងកុំព្យូទ័រយួរដៃ ពណ៌សម្បកឪឡឹក ចំណែកប្រាក់ដែលនៅសល់ចំនួន ៣០ម៉ឺនរៀលទៀត ពួកខ្លួនបានយកទៅទិញអីហូប និងជួលផ្ទះសំណាក់ ឌី គឹមហេង ។

បច្ចុប្បន្នសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងសំរោង ដើម្បីរៀបចំកសាងសំណុំរឿង តាមនីតិវិធីច្បាប់ ៕

មតិយោបល់