ព័ត៌មានជាតិ

រន្ធត់ណាស់! មន្រ្តីយោធាម្នាក់បានស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវ ត្រូវរថយន្តសាំយ៉ុងបុកចំពីមុខពេញទំហឹង

ភ្នំពេញ: នាវេលាម៉ោង ៣ទៀបភ្លឺឈានចូលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤ ចំណុចក្បែរ និងផ្លូវរថភ្លើង ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សពមានឈ្មោះ យឿន សុវណ្ណ អាយុ ៥២ឆ្នាំ ជាមន្រ្តីបំរើការងារនៅក្រសួងការពារជាតិ បច្ចុប្បន្នរស់នៅផ្ទះ៣សេអឺO ផ្លូវ៣៣៦ ភូមិ៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ដំណើររឿង៖ មុនកើតហេតុគេឃើញបុរសជាមន្ត្រីយោធាម្នាក់ បានជិះម៉ូតូមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FF-5411 ជិះតាមបណ្ដោយផ្លូវជាតិលេខ៤ ពីលិចទៅកើតក្នុងល្បឿនមធ្យម លុះមកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេងគោលបំណងបម្រុងនឹងចូលទៅបន្ទាយវិញ ខណ:ពេលបត់ដល់ពាក់កណ្ដាលផ្លូវ ស្រាប់តែមានរថយន្តបង្កម៉ាក សាំយ៉ុងមួយគ្រឿង មិនចាំស្លាកលេខបើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងទិសដៅបញ្ច្រាសគ្នាពីកើតមកលិចក្នុងល្បឿនយ៉ាងលឿន ក៏បានជ្រុលចង្កូតទៅបុកម៉ូតូចំពីមុខពេញទំហឹងប៉ើងទៅមុខជាច្រើនម៉ែត្រ បណ្ដាលឲ្យបុរសជាមន្ត្រីយោធាម្នាក់ ដួលបោកក្បាលនៅនឹងថ្នល់ស្លាប់យ៉ាងអាណោចអាធ័ម ចំណែកឯរថយន្តបង្កក៏បានបន្តល្បឿនបើករត់គេចខ្លួនបាត់ស្រមោល។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញ បានចុះមកដល់ទីតាំងធ្វើការវាស់វែង និងធ្វើកំណត់ហេតុ យកម៉ូតូជនរងគ្រោះទៅរក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចោមចៅទី៣ ហើយក៏បានទាក់ទងទៅសាច់ញាតិ ដើម្បីឲ្យមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តបង្កសមត្ថកិច្ច និងតាមស្រាវជ្រាវបន្តទៅតាមក្រោយ៕

មតិយោបល់