ព័ត៌មានជាតិ

បុរសម្នាក់ស្រវឹងស្រាជោកជាំ បើករថយន្តបុកសួនច្បារវត្តសំរោងអណ្ដែត បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញ: កាលពីវេលាម៉ោង ២រំលងអាធ្រាត្រថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ មានករណីបុរសម្នាក់ស្រវឹងស្រាជោកជាំ បើករថយន្តរេចង្កូតបុកខឿនសួនច្បារ បណ្ដាលឲ្យរងការខូចខាត ត្រង់ចំណុចក្បែរវត្តសំរោងអណ្ដែត តាមបណ្ដោយផ្លូវសំរោងអណ្ដែត ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ ស្រវឹងជោកជាំបើកបររថយន្តមួយគ្រឿងម៉ាក តូយ៉ូតាព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AW-5227 ធ្វើដំណើរតាមបណ្ដោយផ្លូវសំរោងអណ្ដែត ពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន លុះដល់ចំណុចកើតហេតុរថយន្តនោះ ក៏បានរេចង្កូតជ្រុលទៅខាងស្តាំទៅបុកខឿនសួនច្បារ ដែលនៅតាមចិញ្ចើមផ្លូវ ដែលជារបស់វត្តសំរោងអណ្ដែតបណ្ដាលឲ្យបាក់អស់មួយដុំ ចំណែកឯរថយន្តបានរងការខូចខាតបែកកាង និងបែកកង់ខាងមុខចំហៀងខាងស្ដាំ បន្ទាប់ក៏មានសមត្ថកិច្ចមូលដ្ឋាន ចុះមកធ្វើការអន្តរាគមន៍ភ្លាមៗតែម្ដង។

ក្រោយពេលកើតហេតុក៏មានតំណាងខាងវត្តសំរោងអណ្ដែត បានចេញមកធ្វើការដោះស្រាយគ្នាជាមួយភាគីខាងម្ចាស់រថយន្ត ដោយម្ចាស់រថយន្តមិនចង់មានរឿងរ៉ាវវែងឆ្ងាយ ក៏ព្រមធ្វើខឿនសួនច្បារឲ្យឡើងវិញ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

មតិយោបល់