ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ចៅក្រមកំពុងរៀបចំកោះហៅ មន្ត្រីនគរបាលអន្តោប្រវេសន៍ផ្កាយ១ម្នាក់ មកបំភ្លឺ

ភ្នំពេញៈ ក្រោយមានរឿងដ៏រសើបពាក់ព័ន្ធករណីក្លែងបន្លំឯកសារ ធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឲ្យពលរដ្ឋវៀតណាម បានផ្ទុះឡើង ស្រាប់តែធ្លាយរឿងដ៏ឡែកមួយទៀត នោះគឺ ពាក់ព័ន្ធមន្ត្រីនគរបាលផ្កាយ១ នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ហើយមន្ត្រីរូបនោះ អាចនឹងត្រូវតុលាការកោះហៅមកសួរនាំក្នុងពេលឆាប់ៗខាងមុខ។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា ប្រាប់ Post News នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦នេះថា នៅពេលនេះ ចៅក្រមកំពុងរៀបចំសំណុំរឿង ដើម្បីធ្វើការកោះហៅលោក ឆន វុត្ថា មានតួនាទីជានាយករង ដែលមានឋានន្តរស័ក្កិឧត្តមសេនីយ៍ត្រី (ផ្កាយ១) នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ មកបំភ្លឺ ជុំវិញការចោទរបស់ជនជាតិវៀតណាម ពាក់ព័ន្ធករណីក្លែងបន្លំឯកសារធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឲ្យពលរដ្ឋវៀតណាម។

ទោះជាបែបណា ករណីនេះ Post News មិនអាចស្វែងរកការទំនាក់ទំនងសុំបំភ្លឺពីលោក ឆន វុត្ថា បានទេ ប៉ុន្តែនាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឆ្លើយតប Post News ថា នេះជាកាតព្វកិច្ចរបស់ស្ថាប័នតុលាការ ដោយលោកស្នើឲ្យតុលាការធ្វើតាមនីតិវិធីច្បាប់ចុះ ដោយសមត្ថកិច្ចរបស់លោកមិនលូកដៃនោះទេ។

ប្រភពព័ត៌មានបង្ហើបប្រាប់ Post News ចេញពីសាលាដំបូងរាជធានីភ្នំពេញ មកថា ជនជាប់ចោទឈ្មោះ ង្វៀង ហ្វាយស៊ុន ហៅ វេង ស៊ុន ឬហៅ តាបៃ ភេទប្រុស អាយុ៦៣ឆ្នាំ ជនជាតិវៀតណាម ពេលនេះត្រូវបានគេរត់ការប្រុងដោះលែង ខណៈដែលសំណុំរឿងមួយនេះ អាចមានការពាក់ព័ន្ធមន្រ្តីនគរបាលនៅអគ្គនាយដ្ឋានអន្តោប្រវេសន៍ម្នាក់ ឋានន្តរស័ក្កិផ្កាយ១ ឈ្មោះ ឆន វុត្ថា។

គួររំឭកថា កាលពីរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ លោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះទោសលើបុរសជនជាតិវៀតណាមម្នាក់ ពាក់ព័ន្ធសំណុំរឿងក្លែងបន្លំឯកសារ ធ្វើអត្តសញ្ញាណប័ណ្ណជនជាតិខ្មែរ ឲ្យជនជាតិវៀតណាម ចំនួន៥១នាក់។

ជនជាប់ចោទឈ្មោះ ង្វៀង ហ្វាយស៊ុន ហៅ វេង ស៊ុន ហៅ តាបៃ ភេទប្រុស អាយុ៦៣ឆ្នាំ ជនជាតិវៀតណាម ត្រូវបានលោក គង់ សំសារ៉េត តំណាងអយ្យការចោទប្រកាន់ពីបទក្លែងបន្លំ ប្រព្រឹត្តនៅរាជធានីភ្នំពេញ អំឡុងឆ្នាំ២០១៥ និង២០១៦ យោងតាមមាត្រា៦២៦ នៃក្រមព្រហ្មទណ្ឌ។

នៅក្នុងសវនាការ ជនជាប់ចោទបានសារភាពថា ខ្លួនពិតជាបានទទួលលុយរត់ការធ្វើលិខិតស្នាមឲ្យជនជាតិវៀតណាម ចំនួន៥១នាក់ ដើម្បីធ្វើអត្តសញ្ញាណប័ណ្ណជនជាតិខ្មែរ ពិតប្រាកដមែន។

ជនជាប់ចោទបន្តថា គាត់បានស្គាល់ឈ្មោះមន្ត្រីនគរបាលអន្តោប្រវេសន៍ ឋានៈផ្កាយ១ ហើយមន្ត្រីម្នាក់នោះសន្យាថា ធ្វើអត្តសញ្ញាណប័ណ្ណជនជាតិខ្មែរ ឲ្យជនជាតិវៀតណាម បាន។ ក្រោយមកឈ្មោះ ឆន វុត្ថា បានប្រើឈ្មោះ អៀង ជាកូនចៅឲ្យរៀបចំធ្វើអត្តសញ្ញាណប័ណ្ណជនជាតិខ្មែរ ឲ្យជនជាតិវៀតណាម ទាំងនោះ ប៉ុន្តែការងារនោះ មិនបានសម្រេចទេ ត្រូវសមត្ថកិច្ចឃាត់ខ្លួនគាត់តែម្តង ហើយនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ ខ្លួនត្រូវតុលាការសម្រេចឃុំខ្លួននៅពន្ធនាគារព្រៃស។

ទោះជាយ៉ាងណា ដោយសារតែសំណុំរឿនេះ ពាក់ព័ន្ធនឹងមន្ត្រីនគរបាលអន្តោប្រវេសន៍ លោក ធាម ច័ន្ទពិសិដ្ឋ បានសម្រេចលើកពេលបន្តសវនាការនៅពេលក្រោយទៀត ដើម្បីឲ្យមានការតទល់គ្នារវាងជនជាប់ចោទ និងនគរបាលអន្តោប្រវេសន៍ដែលរងការចោទប្រកាន់៕

photo_2016-10-14_08-25-27តុលាការតុលាការតុលាការតុលាការតុលាការ

មតិយោបល់