កំពង់ស្ពឺៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃពុធ ១១រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង៨និង២០នាទី នៅចំណុចលើផ្លូវជាតិលេខ ៤៤ ចន្លោះគីឡូម៉ែត្រលេខ ៣៤-៣៥ ស្ថិតនៅក្នុងភូមិតាំងស្រឹង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើងរវាងម៉ូតូបុកម៉ូតូ បណ្តាលអោយមនុស្សស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ ។
តាមការបញ្ជាក់ពីសមត្ថកិច្ចបាន អោយដឹងថា មុនពេលកើតហេតុ មានម៉ូតូ០១គ្រឿង ម៉ាកហុងដា ឃ្លីច សេ១៥០ ពណ៌ស ស៊េរីឆ្នាំ២០២១ គ្មានស្លាកលេខ បើកបរដោយឈ្មោះ សេង ផេងយូ ភេទប្រុស អាយុ ១៥ ឆ្នាំ រស់នៅភូមិរកាធំ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បើកបរក្នុងទិសដៅពីកើតទៅលិច (ពាក់មួកសុវត្ថិភាព) ។ លុះបើកមកដល់ចំណុចកើតហេតុខាងលើ ក៏បានបុកម៉ូតូមួយគ្រឿងម៉ាកហុងដាវ៉េវ អាល់ហ្វា ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ គ្មានផ្លាកលេខ បើកបរដោយឈ្មោះ យួន យឿន ភេទប្រុស អាយុ ៧៩ ឆ្នាំ រស់នៅភូមិមនោរម្យ ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ពេញទំហឹង ខណៈដែលម៉ូតូម៉ាកវ៉េវអាល់ហ្វា កំពុងបើកឆ្លងថ្នល់ពីជើងទៅត្បូង បណ្ដាលអោយគ្រោះថ្នាក់មនុស្ស និងខូចខាតសម្ភារៈដូចខាងក្រោម៖
ស្លាប់មនុស្ស០១នាក់ឈ្មោះ យួន យឿន របួសធ្ងន់០១នាក់ឈ្មោះ សេង ផេងយូ ។ ខូចខាតម៉ូតូចំនួន០២គ្រឿង (ធ្ងន់) ។
ក្រោយកើតហេតុ កម្លាំងជំនាញបានចុះវាស់វែងកន្លែងកើតហេតុ និងបានធ្វើកំណត់ហេតុប្រគល់សាកសព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកជនរងគ្រោះរបួស ត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ខេត្តកំពង់ស្ពឺ ។ រីឯងវត្ថុតាងម៉ូតូទាំង០២ គ្រឿង ត្រូវបានចាប់យកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕




មតិយោបល់