ប៉ៃលិនៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង៧និង០០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ៃលិន បានទទួលការរាយការណ៍ពីប្រជាការពារភូមិពេជ្រគីរី ថានៅក្នុងវត្តគីរីភ្នំពេជ្រ ហៅវត្តពេជ្រគីរី មានករណីបាត់លុយរបស់ព្រះចៅអធិការវត្តពេជ្រគីរី ក្រោយទទួលព័ត៌មានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ៃលិន បានចុះទៅដល់កន្លែងកើតហេតុ ក៏បានជួបជាមួយព្រះចៅអធិការវត្តពេជ្រគីរី ។
ជនរងគ្រោះព្រះនាម គឹម អៀត ភេទប្រុស ព្រះជន្ម ២៩ ឆ្នាំ ព្រះចៅអធិការវត្តពេជ្រគីរី ស្ថិតនៅភូមិពេជ្រគីរី សង្កាត់ប៉ៃលិនក្រុងប៉ៃលិន ខេត្តប៉ៃលិន បានរាយការណ៍ និងបានដាក់ពាក្យបណ្តឹងថា គាត់ពិតជាបាត់លុយបច្ច័យរបស់វត្តចំនួន២,៥០០,០០០រៀល(ពីរលានហាសិបម៉ឺនរៀលគត់) ។
ក្រោយពីបានទទួលព័ត៌មានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ៃលិន សហការជាមួយកម្លាំងផែន នគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ចុះស្រាវជ្រាវនិងមានការចង្អុលបង្ហាញពីដើមបណ្តឹងឃាត់ខ្លួនបាន ជនសង្ស័យ ឈ្មោះ ស៊ឹម វិសាល ភេទប្រុស អាយុ ១៧ ឆ្នាំ មុខរបរកសិករ រស់នៅភូមិពេជ្រគីរី សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន យកមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ប៉ៃលិន បន្ទាប់មកជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានលួច យកលុយនោះប្រាកដមែន ។
បច្ចុប្បន្នជនសង្ស័យខាងលើនេះ ត្រូវបានឃាត់ខ្លួនរួមទាំងវត្ថុតាង នៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីអនុវត្តនីតិវិធីបន្ត ៕







មតិយោបល់