ព័ត៌មានជាតិ

បុរសវ័យចំណាស់ម្នាក់ ស្រវឹងស្រាបើកម៉ូតូ ទៅបុកបង្គោលស៊ីម៉ងត៍ក្បែរចិញ្ចើមផ្លូវ

បន្ទាយមានជ័យ: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្ដាញសង្គមបានឲ្យដឹងថា ថ្ងៃពុធ ១១ រោច ខែភទ្របទ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ បុរសវ័យចំណាស់ម្នាក់បានបាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែង បន្ទាប់ពីបើកម៉ូតូទៅបុកបង្គោលស៊ីម៉ងត៍ដាក់តាំងរូបសត្វកុក នៅក្បែរចិញ្ចើមផ្លូវបង្កឲ្យមានការភ្ញាក់ផ្អើល ។ ករណីគ្រោះថ្នាក់ចរាចរណ៍បង្កដោយខ្លួនឯងនេះបានកើតឡើងនៅវេលាម៉ោង០៦និង១០នាទីយប់ ត្រង់ចំណុចផ្លូវកែងភ្នំផ្គាំ ចម្ងាយប្រហែល ១,៥០០ ម៉ែត្រ នៅខាងកើតភូមិផ្គាំ ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

នគរបាលស្រុកស្វាយចេក បានឲ្យដឹងថា៖ ជនរងគ្រោះឈ្មោះ ហឿង ហាំ ភេទប្រុស អាយុ ៥៥ ឆ្នាំ នៅភូមិថ្មីកណ្តាល ឃុំភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បើកបរ ម៉ូតូម៉ាក wave.សេរី២០០១ ពណ៌ខ្មៅ (គ្មានផ្លាកលេខ) ។

នគរបាលបានបញ្ជាក់ថា៖ នៅមុនពេលកើតហេតុជនរងគ្រោះបានបើកបរម៉ូតូតែម្នាក់ឯងទិសដៅចេញពីភូមិយាងទៅភូមិថ្មីដែលខ្លួនរស់នៅ ពេលដល់ចំណុចកើតហេតុក៏ជ្រុលចង្កូតទៅបុកនិងបង្គោលស៊ីម៉ងត៍ ដែលគេដាក់តាំងរូបសត្វកុកក្បែរផ្លូវនៅមុខផ្ទះរបស់ឈ្មោះ ស្វឺយ សាវេត ភេទប្រុស អាយុ ៦០ឆ្នាំ រស់នៅភូមិផ្គាំ ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បណ្តាលឲ្យដួលម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។

នគរបាលក៏បានបញ្ជាក់ថា ៖ មូលហេតុអ្នកបើកបរម៉ូតូ ស្រវឹងបើកបរលឿន ។ សពជនរងគ្រោះនិងសម្ភារ:ម៉ូតូត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់